(ភ្នំពេញ)៖ អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា បានបរាជ័យក្រោមថ្វីដៃកីឡាករឥណ្ឌូនេស៊ីលើកដំបូង បន្ទាប់ពីចាញ់កីឡាករ Eko Roni Saputra ត្រឹមទឹកទី១ ក្នុងព្រឹត្តិការណ៍ ONE: LIGHT OUT នាព្រលប់ថ្ងៃសុក្រនេះនៅប្រទេសសិង្ហបុរី។

សម្រាប់ការបង្ហាញខ្លួនលើកទី១២ លើសង្វៀន ONE របស់កីឡាករវ័យ ៣៦ឆ្នាំរូបនេះបានចំណាយពេលតែជិត ២នាទីប៉ុណ្ណោះ ក៏ត្រូវបានកីឡាករជំនាញចំបាប់ឥណ្ឌូនេស៊ី Eko Roni ចាប់ឃ្លេជាប់រហូតបង្ខំឲ្យ ចាន់ រតនា ចុះចាញ់តែម្ដង។

នេះជាដំបូងហើយដែល រតនា ប្រកួតចាញ់កីឡាករឥណ្ឌូនេស៊ី ក្នុងប្រវត្តិជួបកីឡាករឥណ្ឌូនេស៊ី ៣លើក លើសង្វៀនកម្រិតពិភពលោកនេះ ដ្បិត ២លើកមុន ជើងខ្លាំងគុនខ្មែររូបនេះបានផ្ដួលកីឡាករ Abro Fernandes និង Rudy Agustian ឲ្យចុះចាញ់ត្រឹមទឹកទី២ ដូចគ្នាកាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩៕