(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំពិធីទទួលទានអាហារមេត្រីភាព ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាល និងសមាជិកគ្រួសារ ជីប ម៉ុង រួមទាំងឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃប្រទេសជាសមាជិកអាស៊ានទាំង៩ប្រចាំនៅកម្ពុជា។

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានថ្លែងយ៉ាងដូច្នេះថា៖ «អាហារមេត្រីភាពនេះគឺជាសក្ខីភាពនៃការបង្កើត និងពង្រឹងភាពស្និទ្ធស្នាល ទំនាក់ទំនង មិត្តភាព មេត្រីភាព ព្រមទាំងកិច្ចសហប្រតិបត្តិការផ្សេងៗ រវាងប្រជាជាតិអាស៊ានតែមួយ ក៏ដូចជារវាងក្រុមហ៊ុន ជីប ម៉ុង ជាមួយនឹងស្ថានទូតអាស៊ានទាំងអស់ប្រចាំនៅកម្ពុជា ដើម្បីបន្តលើកស្ទួយវិស័យសេដ្ឋកិច្ចនៃប្រជាជាតិអាស៊ានទាំងមូលឱ្យកាន់តែប្រសើរឡើង»

ក្នុងពិធីទទួលទានអាហារមេត្រីភាពនេះផងដែរ ក្រុមហ៊ុន ជីប ម៉ុង ក៏បានបង្ហាញពីសក្ដានុពលពាណិជ្ជកម្ម ក៏ដូចជាគម្រោងថ្មីៗនាពេលអនាគតរបស់ខ្លួន ស្របពេលដែលការគាំទ្រ និងកិច្ចសហការពីបណ្ដាប្រទេសនានាក្នុងតំបន់គឺជាការចូលរួមចំណែកដ៏សំខាន់។

ក្រុមហ៊ុន ជីប ម៉ុង បច្ចុប្បន្នកំពុងតែឈានមុខគេក្នុងពាណិជ្ជកម្មលើច្រើនវិស័យនៅកម្ពុជា រួមមាន ការផលិតនិងនាំចូលសម្ភារៈសំណង់ ការ អភិវឌ្ឍលំនៅឋាន ការ ចែកចាយ គ្រឿងឧបភោគ បរិភោគ រោងចក្រផលិតស្រាបៀរ និងភេសជ្ជៈ ផ្សារទំនើប សណ្ឋាគារ ធនាគារ ទីលានវាយកូនហ្គោល ជាដើម ហើយកំពុងមានឈ្មោះបោះសំឡេង ព្រមទាំងមានទំនាក់ទំនងយ៉ាងល្អជាមួយស្ថាប័នរដ្ឋ ក៏ដូចជាឯកជន ទាំងក្នុង និងក្រៅប្រទេស។

ចក្ខុវិស័យរបស់ក្រុមហ៊ុនគឺដើម្បីក្លាយខ្លួនជាក្រុមហ៊ុនខ្នាតធំដែលទទួលបានការគោរព និងកោតសរសើរបំផុតក្នុងតំបន់៕