(ក្រុងឡុងដ៍)៖ បណ្ណឥណទានផ្សេងៗរបស់ក្លិបបាល់ទាត់អាជីព Chelsea ត្រូវបានធនាគារផ្អាកជាបណ្តោះអាសន្នសិន នៅក្រោយពេលប្រទេសអង់គ្លេស សម្រេចបង្កកទ្រព្យសម្បតិ្តទាំងស្រុងរបស់ម្ចាស់ក្លិបដែលជាមហាសេដ្ឋីរុស្ស៊ីរួចមក។

តែយ៉ាងណា ក្លិបនៅភាគខាងលិចទីក្រុង London មួយនេះត្រូវបានផ្តល់អាជ្ញាបណ្ណពិសេសក្នុងការប្រតិបត្តិការរបស់ខ្លួន ដ្បិតទ្រព្យសម្បត្តិទាំងអស់របស់លោក Roman Abramovich ត្រូវបានរដ្ឋាភិបាលអង់គ្លេសរឹបអូសជាបណ្តោះអាសន្នក៏ដោយ។

ក្នុងកាលៈទេសៈនេះ ភាគីខាងធនាគារបានកំពុងរៀបចំនីតិវិធីក្នុងលក្ខខណ្ឌពិសេស ដើម្បីឲ្យអាចដកប្រាក់យកទៅប្រើប្រាស់ក្នុងក្លិប ដោយពុំជាប់ពាក់ព័ន្ធនឹងទណ្ឌកម្ម នៅពេល Chelsea ខ្លួនឯងក៏ពុំទាន់ដឹងពីថ្ងៃលើកលែងទណ្ឌកម្មនេះដែរ។

នៅអំឡុងពេលជាប់ទណ្ឌកម្មនេះ Chelsea ពុំអាចធ្វើអ្វីបានទេ ក្រៅតែពីប្រកួតទៅតាមកម្មវិធី ដើម្បីបញ្ចប់រដូវកាលនេះដោយពេញលេញ ដោយពុំអាចទទួលបានប្រាក់ចំណូលពីការលក់សំបុត្រ ទទួលចំណូលពីការលេងពាន FA Cup និងចំណូលបានពីការលក់សំភារៈផ្សេងៗនោះទេ នៅពេលដែលពួកគេត្រូវប្រឈមចំណាយ ២៨លានផោនជារៀងរាល់ខែ៕