(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឯកភាពគ្នារៀបចំសកម្មភាពអប់រំ និងផ្សព្វផ្សាយចលនាមេត្រីបរិស្ថាននៅតំបន់ជួរភ្នំក្រវាញ។ ការឯកភាពគ្នាលើចំណុចនេះ បានធ្វើឡើងនាឱកាសជំនួបពិភាក្សារវាងលោក ជួប ប៉ារីស៍ និងលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយលោកស្រី មាស ច័ន្ទធីតា អគ្គនាយករង ព្រមទាំងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន ជាមួយកញ្ញា ស៊ូវណ្ណា ហ្គោនឡែត ប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance និងសហការី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន។

កិច្ចប្រជុំបានឯកភាពរៀបចំវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២ ដោយជ្រើសរើសយុវសិស្សនៅតាមសាលារៀនក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ការរៀបចំចលនាសាលាមេត្រីបរិស្ថាន ដើម្បីត្រៀមចូលរួមប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៣ នៅក្នុងខេត្តកោះកុង និងពោធិ៍សាត់ និងការគាំទ្រគម្រោងចិញ្ចឹមក្របី នៅតាមសហគមន៍ក្នុងតំបន់ជួរភ្នំក្រវាញ៕