(ប៊ែរឡាំង)៖ ក្រុមហ៊ុន Volkswagen បានប្រកាសបង្ហាញនៅថ្ងៃសុក្រ ពីប្រាក់ចំណេញរបស់ខ្លួនបានកើនឡើងជាខ្លាំងកាលពីឆ្នាំ២០២១ បើទោះបីជាការនាំចេញរថយន្តស្ថិតនៅក្នុងចំនួនតិចដោយសារតែកង្វះខាតបន្ទះឈីបក៏ដោយ ខណៈដែលអតិថិជនមួយចំនួនបានច្រានចោលរថយន្តដែលទើបតែដាក់ឱ្យប្រើប្រាស់នូវមុខងារថ្មីៗជាច្រើន។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។
ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ដ៏ធំលំដាប់ពិភពលោក បានកើនឡើង ៧៥ភាគរយដែលមានទំហំទឹកប្រាក់ដល់ទៅ ១៥.៤ពាន់លានអឺរ៉ូ (ប្រហែល ១៦.៨ពាន់លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ២០២១ កំឡុងពេលដែលសកលលោកកំពុងជួបបញ្ហាជុំវិញជំងឺរាតត្បាតកូវីដ និងកង្វះខាតបន្ទះឈីបជាសកល។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនផលិតរថយន្តធំជាងគេទីពីរលំដាប់ពិភពលោកមួយនេះបានរំពឹងថាបរិមាណនៃការលក់រថយន្តនឹងមានការកើនឡើងចន្លោះពី ៥ ទៅ ១០ភាគរយនៅឆ្នាំ២០២២នេះ បើទោះជាមានផលប៉ះពាល់ជាបន្តបន្ទាប់នៃកង្វះខាតបន្ទះឈីបក៏ដោយ។
ដោយឡែក Volkswagen បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការព្យាករណ៍នេះ «ជាកម្មវត្ថុនៃការអភិវឌ្ឍន៍បន្ថែមទៀតនៃសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន និងជាពិសេសផលប៉ះពាល់លើខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន និងសេដ្ឋកិច្ចពិភពលោកទាំងមូល»។
គួរជម្រាបដែរថា ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះត្រូវបានគេរំពឹងថា នឹងកើនឡើងចន្លោះពី ៨ទៅ ១០ភាគរយនៅឆ្នាំ២០២២ ជាមួយនឹងការត្រឡប់មកវិញនៃការលក់នឹងឈានដល់ចន្លោះពី ៧ ទៅ ៨.៥ភាគរយ បើធៀបនឹង ៧.៧ ភាគរយក្នុងឆ្នាំ២០២១ និង ៤.៣ភាគរយក្នុងឆ្នាំ២០២០៕