(ថៃ)៖ ប៉ុន្មានថ្ងៃមកនេះ ក្រុមការងារ, អ្នកគាំទ្រក្នុងប្រទេស, មិត្តជិតស្និទ្ធ និងសាច់ញាតិ មានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពី បេក្ខជនតំណាងឲ្យប្រទេសកម្ពុជា «Mister Global» លោក ហោ សុវណ្ណគិរីដា បានបាត់ដំណឹងសូន្យឈឹង ចាប់តាំងពីថ្ងៃដែលលោកធ្វើដំណើរ ទៅចូលរួមប្រកួតនៅក្នុងប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នៅតែគ្មានដំណឹង។ យ៉ាងណាមិញ នៅពេលនេះ សាមីខ្លួនផ្ទាល់បានចេញមុខមក បំភ្លឺហើយ ជុំវិញការបាត់ខ្លួនរបស់លោក ដែលធ្វើឲ្យមានការព្រួយបារម្ភ។
លោក ហោ សុវណ្ណគិរីដា បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា «ខ្ញុំបាទ អគុណណាស់ចំពោះការបារម្ភពីសុវត្ថិភាពរបស់បងប្អូន ក៏សុំអភ័យទោសដូចគ្នាចំពោះការមិនបានឆ្លើយតបឆាតរបស់បងប្អូន ក៏ព្រោះតែជាគោលការណ៍មួយចំនួនរបស់ខាងក្រុមហ៊ុន»។
ឆ្លើយតបនឹងដំណឹងត្រឡប់មកវិញរបស់បេក្ខជនរូបនេះ បានធ្វើឲ្យមហាជនជាច្រើនត្រេកអរខ្លាំងណាស់ ចំពោះវត្តមានរបស់លោកក្នុងការវិលវិញ និងបន្តតំណាងកម្ពុជា ប្រកួតក្នុងកម្មវិធី «Mister Global» បន្តនៅប្រទេសថៃ។ បើតាមផេក Team Cambodia បានឲ្យដឹងថា តាមរយៈអ្នកស្និទ្ធនឹងគិរីដា បានប្រាប់ថា មួយរយៈដែលមិនឃើញវត្តមានរបស់ ហោ សុវណ្ណគិរីដា គឺគាត់កំពុង ជាប់ធ្វើចត្តាឡីស័ក ដោយក្នុងនោះដូចជាប្រហែលមាន២ប្រទេស ដែលជាប់ជាមួយគឺ France និង Czech republic ៕