(ភ្នំពេញ)៖ លោក Valson Cuddinkotta ប្រធានបច្ចេកទេរៀបចំការប្រកួត នៃសហព័ន្ធអត្តពលកម្មអាស៊ី បានសម្ដែងការភ្ញាក់ផ្អើល និងវាយតម្លៃខ្ពស់ ចំពោះសមត្ថភាពធនធានមន្ដ្រីបច្ចេកទេសកីឡាអត្តពលកម្មកម្ពុជា សម្បូរដោយអ្នកមានសមត្ថភាព ដែលអាចដឹកនាំ និងរៀបចំការប្រកួតអន្ដរជាតិបាន។

ការកោតសរសើរនេះ បន្ទាប់ពីសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានរៀបចំវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសកីឡាអត្តពលកម្មអន្ដរជាតិកម្រិត១ ចំនួន ២វគ្គ និងបញ្ចប់ដោយជោគជ័យនាល្ងាចថ្ងៃសុក្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ពិធីបិទវគ្គនេះ បានធ្វើឡើងក្រោមវត្តមានលោក សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសហព័ន្ធ។

លោក Valson Cuddinkotta គ្រូឧទ្ទេសប្រចាំវគ្គ បានអបអរសាទរសហព័ន្ធអត្តពលកម្មកម្ពុជា ដែលមានមន្ដ្រីបច្ចេកទេសប្រកបដោយសក្ដានុពល។ លោករំពឹងថា វគ្គនេះ នឹងជំរុញឲ្យមន្ដ្រីបច្ចេកទេសកីឡាអត្តពលកម្មកម្ពុជាកាន់តែមានសមត្ថភាព ដើម្បីត្រៀមរៀបចំកការប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ ហើយលោកសន្យានឹងពាំនាំនូវការវិវឌ្ឍន៍ជាវិជ្ជមាននេះ រាយការណ៍ជូនសហព័ន្ធអត្តពលកម្មអាស៊ី និងសហព័ន្ធអត្តពលកម្មអន្ដរជាតិទៀតផង។

លោក សំហេង បុរស បានគូសបញ្ជាក់ថា វគ្គនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់សហព័ន្ធ ដែលកំពុងមានតម្រូវការអ្នកស្ម័គ្រចិត្តជាច្រើន ត្រៀមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា ពិសេសមន្ដ្រីបច្ចេកទេស។ ដូច្នេះលោកពិតជារីករាយ ដែលសមត្ថភាពមន្ដ្រីបច្ចេកទេសកម្ពុជា ត្រូវបានទទួលស្គាល់ដោយមន្ដ្រីជំនាញអាស៊ី ហើយលោកបានជំរុញឲ្យសិក្ខាកាមទាំងអស់ ត្រូវបន្ដខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីសម្រួចសមត្ថភាពត្រៀមរៀបចំស៊ីហ្គេម ឆ្នាំ២០២៣។

លោកបន្ដថា «ខ្ញុំសប្បាយចិត្តណាស់ ព្រោះតាមការវាយតម្លៃរបស់លោក Valson Cuddinkotta ដែលជាតំណាងសហព័ន្ធអត្តពលកម្មអាស៊ី គឺកម្ពុជាយើងពិតជាមានសម្បូរធនធានមន្ដ្រីបច្ចេកទេសមានសមត្ថភាពច្រើនជាយុវជនពោរពេញដោយសមត្ថភាព ហើយជាប្រទេសមួយ មានការរៀបចំលក្ខខណ្ឌ ក៏ដូចជាការត្រៀមខ្លួនបានយ៉ាងម៉ត់ចត់ និងត្រឹមត្រូវល្អទៀតផង»

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលខាងលើបានចែកចេញជា ២វគ្គ ដោយមានសិក្ខាកាម ៥០នាក់ចូលរួម ក្នុងនោះវគ្គទី១ សិក្សាពីថ្ងៃទី០១-០៥ ខែមីនា និងវគ្គទី២ សិក្សាពីថ្ងៃទី០៧-១១ ខែមីនា ឆ្នាំ២០២២។ ក្រោយបញ្ចប់ការសិក្សា លោក Valson Cuddinkotta បានវាយតម្លៃថា មានសិក្ខាកាមស្ទើរ ១០០% ដែលបានប្រឡងជាប់ ហើយមានសិក្ខាកាមមួយចំនួនអាចចូលរួមសិក្សាវគ្គមន្ដ្រីបច្ចេកទេសអន្ដរជាតិកម្រិត២ ទៀតផង៕