(បន្ទាយមានជ័យ)៖ ហាង 7-Eleven បានបើកសាខាថ្មីមួយទៀត នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីហាង 7-Eleven កាលពីថ្ងៃសុក្រទី១១ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ បន្ទាប់ពីបានបើកដំណើរការសាខាដំបូងបង្អស់ប្រកបដោយជោគជ័យនៅជាយក្រុងភ្នំពេញ កាលពីឆ្នាំ២០២១។

បើតាមលោក Chomrom Jenchai នាយកគ្រប់គ្រង នៃក្រុមហ៊ុន CP All (Cambodia) Co., Ltd, ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CP All Public Company Limited និងអ្នកស្រី Phu Cherryna នាយកប្រតិបត្តិនៃក្រុមហ៊ុន ANCO Group បានអញ្ជើញចូលរួមជាភ្ញៀវកិតិ្តយសក្នុងការបើកសម្ពោធសាខាហាង 7-Eleven Season Mall ប៉ោយប៉ែត ដែលជាសាខាថ្មីមួយទៀត នៅក្នុងប្រទេសកម្ពុជា។

ហាង 7-Eleven នៅក្រុងប៉ោយប៉ែតនេះ មានទីតាំងស្ថិតនៅផ្សារទំនើប Season Mall ជាមជ្ឃមណ្ឌលផ្សារទំនើបសហគមន៍ខ្នាតធំ ព័ទ្ធជុំវិញដោយអគារស្នាក់អាស្រ័យ និងជាមជ្ឃមណ្ឌលពាណិជ្ជកម្មផងដែរ នៅក្រុងប៉ោយប៉ែត។

លោក Chomrom Jenchai បានថ្លែងថា 7-Eleven យើងមានការបេ្តជ្ញាខ្ពស់ក្នុងការចែកចាយផលិតផល និងបម្រើសេវាកម្មប្រកបដោយគុណភាពខ្ពស់ជូនអតិថិជន ដើម្បីបង្កើននូវគុណភាពជីវិត ដោយមានការជ្រើសរើសនូវផលិតផលជាច្រើនប្រភេទ និងការប្រកាន់ខ្ជាប់ទៅតាមពាក្យស្លោករបស់ក្រុមហ៊ុន CP All ថា «រួមគ្នាច្នៃប្រឌិតនិងចែករំលែកនូវឱកាសឱ្យគ្នាទៅវិញទៅមក»។

នាយកគ្រប់គ្រង នៃក្រុមហ៊ុន CP All (Cambodia) Co., Ltd, រូបនេះ បានបន្ថែមថា «ស្ថិតក្រោមការរីករាលដាលនៃជំងឺកូវីដ19 នេះ ហាង 7-Eleven នៅក្នុងប្រទេសកម្ពុជា គ្រប់សាខាទាំងអស់ បានអនុវត្តវិធានការសុខាភិបាលយ៉ាងតឹងរ៉ឹងស្របទៅតាមវិធានការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង ដើម្បីរក្សានូវសុវត្ថិភាពដល់អតិថិជន និងបុគ្គលិកទាំងអស់»

បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានសាខាហាង 7-Eleven បើកឱ្យដំណើរការទាំងអស់ចំនួន៧សាខា ក្នុងនោះសាខាដំបូងគេបង្អស់ គឺ សាខាជ្រោយចង្វារ ដែលបានបើកដំណើរនៅក្នុងខែសីហា ឆ្នាំ២០២១ និងសាខា PTT ព្រែកព្នៅ សាខា PTT ព្រៃកី សាខា PTT ច្បារអំពៅ សាខា PTT ផ្សារតូច សាខា Rule មហាវិថីព្រះមុនីវង្ស និងសាខាចុងក្រោយគេបង្អស់ គឺសាខាផ្សារ Season Mall ប៉ោយប៉ែត៕