(ប៉េកាំង)៖ ពិធីបិទបញ្ចប់ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំងឆ្នាំ២០២២ នឹងប្រារព្ធឡើងនៅថ្ងៃទី១៣ ខែមីនា ពេលផ្តល់បទសម្ភាសន៍ លោក Shenchen អ្នកដឹកនាំរឿងបានបង្ហើបឱ្យដឹងថា ប្រធានបទនៃពិធីបិទបញ្ចប់ការប្រកួតកីឡាប៉ារ៉ាឡាំពិក គឺភាពកក់ក្តៅជារៀងរហូត យើងនឹងប្រើឧបករណ៍ដ៏ពិសេសមួយ ដើម្បីបន្សល់ទុកនូវការចងចាំអំពី ពេលវេលាគួរឱ្យរំភើបចិត្តក្នុងការប្រកួតរយៈពេល ៩ ថ្ងៃកន្លងទៅ និងអំពីក្រុងប៉េកាំងដែលជាទីក្រុងរៀបចំ ទាំងការប្រកួតកីឡាអូឡាំពិក និងទាំងការប្រកួតកីឡាប៉ារ៉ាឡាំពិក។

លោក Shenchen បានថ្លែងថា ពិធីសម្ពោធបើកនិងពិធីបិទបញ្ចប់ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា នឹងបង្ហាញពីរឿងរ៉ាវនិងប្រតិបត្តិការរបស់ជនពិកា ដែលជាខណៈពេលដ៏កក់ក្តៅនិងគួរឱ្យរំភើបចិត្ត។ ដើម្បីបង្ហាញពីប្រធានបទនេះ ក្រុមអ្នកដឹកនាំរឿងបានសម្រេចបន្ថែម ឧបករណ៍ដ៏ពិសេសមួយនៅកណ្តាលកីឡាដ្ឋានជាតិ គួបផ្សំនឹងការបញ្ចាំងដោយអេក្រង់លើដី ឱ្យឈានដល់ការរួមបញ្ចូលគ្នានូវភាពកក់ក្តៅ ភាពចងចាំនិងបរិយាប័ន្ន៕