(ភ្នំពេញ)៖ ជាទូទៅគេតែងយល់ថាការមានចំណងអាពាហ៍ពិពាហ៍ គឺជាការបង្កើតនូវចំណងសុភមង្គលដ៏រឹងមាំមួយ ហើយពួកគេតែងតែរំពឹងទុកថា នឹងអាចទទួលបាននូវចំណងដៃដ៏មានតម្លៃ បន្ទាប់ពីអាពាហ៍ពិពាហ៍នោះ គឺជាការមានបុត្រ ។ ប៉ុន្តែក្នុងស្ថានភាពខ្លះ ពួកគេមិនអាចទទួលបាននូវអ្វី ដែលពួកគេប្រាថ្នានោះទេ ដោយសារកត្តាមួយចំនួន ជាពិសេសសុខភាពរបស់ពួកគេ ហេតុនេះហើយ ទើបធ្វើឱ្យពួកគេត្រូវសម្រេចចិត្តទៅសុំកូនពីគេ ឬបងប្អូន និងពីមណ្ឌលកុមារកំព្រា មកចិញ្ចឹមបីបាច់ធ្វើជាកូនខ្លួនឯង ។

មិនត្រឹមតែប៉ុណ្ណោះទេ យើងសង្កេតឃើញថា មានករណីខ្លះបានកើតមានឡើងដោយពឹងពាក់អន្តរការី ឱ្យជួយរកស្ដ្រីឱ្យមកពពោះជំនួសជាថ្នូរនឹងប្រាក់កាស ។ ចំពោះទង្វើ និងសកម្មភាពខាងលើ តើបុគ្គលណាខ្លះ ដែលត្រូវទទួលខុសត្រូវចំពោះផ្លូវច្បាប់ ?

ដើម្បីយល់ដឹងឱ្យបានកាន់តែច្បាស់អំពី «បទអន្តរការរវាងអ្នកសុំកូន និងស្រ្ដីពរពោះ» កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ដែលសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្តាហ៍នេះ នឹងធ្វើការបង្ហាញជូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម។

យោងតាមមាត្រា ៣៣២ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា អំពើប្រព្រឹត្តនៅក្នុងគោលបំណងចង់បានកម្រៃ ធ្វើជាអន្តរការីរវាងបុគ្គលម្នាក់ ឬ ប្ដីប្រពន្ធ ដែលសុំកូនយកមកចិញ្ចឹម និងស្រ្ដីម្នាក់យល់ព្រមពពោះ ដើម្បីនឹងប្រគល់កូននោះឱ្យទៅអ្នកសុំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៦ (ប្រាំមួយ) ខែ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល ។ អន្តរការ ឬអន្តរការី គឺសំដៅទៅដល់ភ្នាក់ងារកណ្ដាល ឬអ្នកភ្ជាប់ទំនាក់ទំនងរវាងភាគី រាល់បុគ្គលណា ដែលមានបំណងចង់រកស៉ីពាក់ព័ន្ធទៅនឹងការនាំស្រ្ដីពពោះជំនួស សុទ្ធតែប្រឈមមុខនឹងច្បាប់ទាំងអស់ ព្រោះអំពើទាំងនោះ វាខុសនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងខុសទៅនឹងទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរថែមទៀតផង ការពពោះជំនួសវាជាអំពើអមនុស្សធម៌។

ក្នុងករណី ការស៉ីឈ្នួលពពោះបែបនេះ វាមានផលប៉ះពាល់ដល់សុខភាពរបស់ស្រ្តីដែលពពោះជំនួសនោះ នៅក្នុងករណីដែលស្រ្ដីនោះពពោះជាប់ នឹងអាចបង្កហានិភ័យដល់សង្គមជាតិថែមទៀតផង ចំពោះការប្រព្រឹត្តនូវអំពើនេះ ចំពោះហានិភ័យនោះគឺដែលកូនបានសម្រាលមកមិនគ្រប់លក្ខណៈណាមួយ ហើយត្រូវបានជនដែលជួលស្រ្ដីនោះបដិសេធមិនទទួលកូននោះ វាអាចនឹងបង្កឱ្យមានក្មេងកំព្រា ឬស្រ្ដីដែលពពោះនោះគ្មានលទ្ធភាពចិញ្ចឹមបីបាច់ ជាអាទិ៍។

សរុបជារួមមក ការស៉ីឈ្នួលពរពោះ ឬការនាំនរណាម្នាក់ដើម្បីពពោះជំនួសដើម្បីទទួលបាននូវកម្រៃ វាជាអំពើអមនុស្សធម៌ និងធ្វើឱ្យសង្គមគ្មានសណ្ដាប់ធ្នាប់ ជាពិសេសអន្តរការីនោះនឹងរងនូវការផ្តន្ទាទោសតាមច្បាប់ដែលបានកំណត់។

រៀបរៀងដោយ៖ លោក ប៊ុន វិទូ និងកញ្ញា ហេង មរកត ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ១០០៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/ Cambodia International Cooperation Law Group៕