(បរទេស)៖ ភ្លាមៗបន្ទាប់ពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើង Google បានប្រកាសថា ខ្លួនកំពុងបិទមុខងារ Google Maps របស់ខ្លួនមួយចំនួននៅក្នុងប្រទេសអ៊ុយក្រែន ដូចជាព័ត៌មាន ចរាចរណ៍ និងទិន្នន័យទីតាំងរបស់មនុស្សជាដើម។ ខណៈដែលថ្មីៗនេះ Google បានបង្ហាញថា នឹងចាប់ផ្តើមបញ្ចេញការជូនដំណឹងភ្លាមៗសម្រាប់ការវាយឆ្មក់តាមអាកាសទៅកាន់អ្នកប្រើប្រាស់ស្មាតហ្វូន Android នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយពួកគេទទួលបានសុវត្ថិភាព។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។

Google បានអះអាងថា ទិន្នន័យនេះអាចត្រូវបានប្រើជាព័ត៌មានសម្ងាត់យោធា ហើយឥឡូវនេះ Google ក៏កំពុងបន្ថែមនូវមុខងារជូនដំណឹងថ្មីអំពីការវាយប្រហារតាមអាកាស (Air Strike) សម្រាប់អ្នកប្រើប្រាស់របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ ដោយឡែកការអាប់ដេតថ្មីនេះគឺជាផ្នែកមួយនៃសេវាកម្ម Google Play ហើយត្រូវបានគេរាយការណ៍ថា Google កំពុងបើកដំណើរការវាតាមសំណើរបស់រដ្ឋាភិបាលអ៊ុយក្រែន។

គួរបញ្ជាក់ដែរថា លោក Dave Burke អនុប្រធានផ្នែកវិស្វកម្មនៅ Google សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android បានឱ្យដឹងថា ប្រព័ន្ធនេះគឺផ្អែកទៅលើការជូនដំណឹងអំពីការរញ្ជួយដីដែលពួកគេបញ្ជូនទៅកាន់អ្នកប្រើប្រាស់ ហើយដំណើរការថ្មីនេះនឹងមានតែនៅក្នុង ស្មាតហ្វូន Android ប៉ុណ្ណោះ៕