(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការគ្រប់គ្រង និងប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២នៃរមណីយដ្ឋានអង្គរ ដល់អាជ្ញាធរមូលដ្ឋានមកពីសង្កាត់-ឃុំ និងតំណាងរដ្ឋបាលក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកពួក ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ដែលមានភូមិសាស្ត្ររដ្ឋបាលក្នុងតំបន់១ និងតំបន់២នៃរមណីយដ្ឋានអង្គរ។
ការផ្សព្វផ្សាយនេះធ្វើឡើងតាមរយៈសិក្ខាសាលាស្ដីពីការគ្រប់គ្រងដីធ្លីតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដែលត្រូវបានរៀបចំឡើងនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្នុងនោះមានមន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា និងមន្ត្រី-អាជ្ញាធរមូលដ្ឋានសរុបប្រមាណជាង៦០នាក់។
លោក ឡុង កុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានលើកឡើងថា តំបន់១ និងតំបន់២របស់រមណីយដ្ឋានអង្គរ គឺជាតំបន់សំខាន់ជាងគេដែលត្រូវការពារខ្ពស់បំផុត ព្រោះនៅរៀងរាល់ពេលបោះឆ្នោតម្តងៗ គឺប្រជាពលរដ្ឋមួយចំនួនតែងតែឆ្លៀតឱកាសលួចសាងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់ការពារទាំងឡាយនៃរមណីយដ្ឋានអង្គរ។
លោកថា បញ្ហាបំពានទៅលើតំបន់ការពារនៃរមណីយដ្ឋានអង្គរទាំងឡាយ គឺទាំងអាជ្ញាធរជាតិអប្សរា និងទាំងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ-សង្កាត់ ក្រុង-ស្រុក និងខេត្តសៀមរាប ត្រូវតែស្វែងរកដំណោះស្រាយទាំងអស់គ្នា ដើម្បីបញ្ជៀសនូវបញ្ហាទាំងឡាយដែលជាផលប៉ះពាល់ដល់តម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ។
មេធាវីប្រចាំអាជ្ញាធរជាតិអប្សរាបានធ្វើបទបង្ហាញអំពីឯកសារគតិយុត្តសំខាន់ៗជូនអង្គសិក្ខាសាលា និងពិភាក្សាអំពីតួនាទី កាតព្វកិច្ចរបស់ផ្នែកពាក់ព័ន្ធ ដើម្បីធានានូវប្រសិទ្ធភាពការងារដោយប្រកាន់នូវគោលការណ៍ច្បាប់៕