(ភ្នំពេញ)៖ Ezecom ក្រុមហ៊ុនផ្តល់សេវាអ៉ិនធឺណិត(ISP) លំដាប់ខ្ពស់នៅកម្ពុជា នៅថ្ងៃសុក្រ ទី១១ ខែមិនា ឆ្នាំ២០២២ បានប្រកាសពីចាប់ដៃគ្នាជាមួយក្រុមហ៊ុន Amazon Web Services(AWS) ដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួននូវបច្ចេកវិទ្យាសេវា Cloud ឈានមុខគេដូចជាការគណនា (compute), ការរក្សាទុកទិន្នន័យ, មូលដ្ឋានទិន្នន័យ, ការធានាសុវត្ថិភាព និងការគ្រប់គ្រងបណ្តាញ។

ភ្ជាប់ជាមួយនឹងភាពជាដៃគូនេះ ក្រុមហ៊ុនAWS សហការជាមួយនឹងក្រុមហ៊ុនEzecom បានរៀបចំវេទិកាពិភាក្សាស្តីអំពី «ការបើកដំណើរការCloud ផ្លាស់ប្តូរប្រក្រតីភាពតាមគន្លងថ្មីនៅក្នុងឧស្សាហកម្មហរិញ្ញវត្ថុ» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយមានការអញ្ជើញចូលរួម ពីតំណាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក ស៊ុន រ៉ាពីដ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន, លោក William Mark Hanna, គ្រុបនាយកប្រតិបត្តិហិរញ្ញវត្ថុប្រចាំក្រុមហ៊ុន Royal Group The Companies, និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនសហគ្រាសជាច្រើនរូបផ្សេងទៀត។

ថ្លែងក្នុងឱកាសនោះលោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុនEzecom បានថ្លែងថា៖ «ការទទួលបានភាពជាដៃគូទីមួយប្រចាំប្រទេសកម្ពុជា ជាមួយក្រុមហ៊ុនAWS គឺជាសមិទ្ធផលថ្មីមួយផ្សេងទៀតសម្រាប់ក្រុមហ៊ុនEzecom ខណៈដែលយើងបន្តស្វែងរកសេវាថ្មីៗ ដើម្បីគាំទ្រអតិថិជនដែលមានស្រាប់និងអតិថិជនថ្មីក្នុងការធ្វើឲ្យប្រសើរឡើង នូវអាជីវកម្មរបស់ពួកគេ។ ការប្រើប្រាស់សេវាCloud ក្នុងប្រទេសកម្ពុជាស្ថិតនៅដំណាក់កាលដំបូងនៅឡើយ ហើយតាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុនAWS, ក្រុមហ៊ុនEzecom ផ្តល់ជូនអតិថិជននូវលទ្ធភាពទទួលបានសេវាល្អបំផុត ដើម្បីពង្រឹងបន្ថែមទៀតនូវអនាគតឌីជីថលរបស់កម្ពុជា។ ក្រៅពីនោះ គឺការបង្កើននូវជំនាញផ្នែកឌីជីថល ដែលកំពុងតែត្រូវការជាចំាបាច់ ដើម្បីសម្រេចបាននូវគោលដៅនេះ»

លោកស្រី Yuni Lee Heathcote បន្ថែមថា៖ «សេវាCloud របស់យើងនឹងអាចឱ្យអតិថិជនរក្សាទុក និងប្រើប្រាស់ទិន្នន័យរបស់ពួកគេនៅក្នុង Cloud ដែលជាការកាត់បន្ថយចំណាយលើតម្រូវការមជ្ឈមណ្ឌលទិន្នន័យ។ តាមរយៈការប្រើប្រាស់Cloud ក្រុមហ៊ុនសហគ្រាសនឹងអាចមានលទ្ធភាពប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពនិងសាកសិទ្ធភាព»

ក្រុមហ៊ុនAWS ផ្តល់ជូននូវហេដ្ឋរចនាសម្ព័ន្ធCloud ដែលជាទីទុកចិត្តខ្ពស់អាចបង្កើនទំហំ និងបន្ថយទំហំប្រើប្រាស់បានជាមួយការចំណាយទាប ដែលផ្តល់ថាមពលដល់ក្រុមហ៊ុនចំនួនរាប់សែននៅក្នុងប្រទេសចំនួន១៩០ នៅជុំវិញពិភពលោក។ សេវាCloud របស់ក្រុមហ៊ុនEzecom ដែលផ្តល់ដោយក្រុមហ៊ុនAWS នូវសេវាចំណាយទាបតម្លៃទៅតាមទំហំនៃការប្រើប្រាស់និងមិនចាំបាច់បង់ថ្លៃជាមុន។ លើសពីនេះទៀត ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុនEZECOM នឹងផ្តល់ជូនការប្រឹក្សាយោបល់អំពីសេវាCloud ដល់អតិថិជនមុនពេលចុះឈ្មោះប្រើប្រាស់កញ្ចប់សេវា AWS។

ក្រុមការងាររបស់ក្រុមហ៊ុន EZECOM ក៏នឹងផ្តល់ជូនអតិថិជននូវការប្រឹក្សាអំពីការផ្លាស់ប្តូរការអនុវត្ត ព្រមទាំងការគាំទ្រ និងការគ្រប់គ្រងជាបន្តផងដែរក្រោយពេលចុះហត្ថលេខាប្រើប្រាស់សេវា។ សេវាCloud របស់ក្រុមហ៊ុនEzecom នឹងផ្តោតលើសហគ្រាសធុនតូចនិងធុនមធ្យម(SMEs) និងក្រុមហ៊ុនធំៗស្ថាប័នក្នុងវិស័យសាធារណៈធនាគារ និងហិរញ្ញវត្ថុប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្តនិងឧស្សាហកម្មផលិតកម្ម។ ក្រុមហ៊ុនEzecom នឹងផ្តល់ជូនសេវាដល់ស្ថាប័នដែលប្រតិបត្តិការក្នុងខេត្តកណ្តាល ព្រះសីហនុ សៀមរាប ក្រុងប៉ោយប៉ែត ក្រុងបាវិត និងរាជធានីភ្នំពេញ ហើយគ្រោងនឹងពង្រីកនៅទូទាំងប្រទេសកម្ពុជានាពេលអនាគត។

ការផ្លាស់ប្តូរមកប្រើសេវាCloud នៅកម្ពុជាអតិថិជននឹងទទួលបាននូវអត្ថប្រយោជន៍អំពីការពង្រីក និងបង្កើនកំរិតនៃការបង្កើតថ្មីដែលCloud ផ្តល់ឲ្យ។សេវាCloud នឹងផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនក្នុងស្រុកធ្វើទំនើបកម្ម និងប្រកួតប្រជែងក្នុងទិដ្ឋភាពសាជីវកម្មពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ជំនួសឱ្យការរង់ចាំរយៈពេលជាច្រើនសប្តាហ៍ ឬច្រើនខែដើម្បីផ្តល់ហេដ្ឋារចនាសម្ព័ន្ធនៅនឹងកន្លែងក្រុមហ៊ុនសហគ្រាស នឹងអាចដាក់ដំណើរការកម្មវិធីថ្មីៗដោយរលូនពង្រីកសេវាបានភ្លាមៗ ខណៈដែលបន្ទុកការងារកើនឡើង ហើយក៏អាចបន្ថយទំហំផ្ទុកមកវិញបានផងដែរ ប្រសិនបើតម្រូវការមានការថយចុះ។

តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុនAWS ក្រុមហ៊ុនEzecom ចូលរួមជាមួយក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោកផ្សេងទៀតដូចជាDisney, Netflix, Airbnb និងAbode ក្នុងការផ្តល់នូវសេវាCloud ដែលល្អបំផុតនេះសម្រាប់អត្ថប្រយោជន៍របស់ក្រុមហ៊ុនសហគ្រាសកម្ពុជា។

សូមជម្រាបថា ក្រុមហ៊ុនEzecom ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០0៧ ដើម្បីបម្រើតម្រូវការទីផ្សារសេវាអ៉ិនធឺណិតសម្រាប់ក្រុមហ៊ុនសហគ្រាស និងតាមលំនៅដ្ឋាន ដែលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជា។ ចាប់តាំងពីបានបង្កើតឡើងមក ក្រុមហ៊ុនបានក្លាយជាអ្នកផ្តល់សេវាអ៉ិនធឺណិត និងបច្ចេកវិទ្យាទំនាក់ទំនងដ៏ទូលំទូលាយ និងនាំមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងអ៉ិនធឺណិតខ្សែហ្វាយប៊ើអុបទិកសេវាIPLC, DPLC, MPLS, VPLS ព្រមទាំងដំណោះស្រាយនិងសេវាកម្មVAS ដែលមានមូលដ្ឋានលើអ៉ិនធឺណិតផ្សេងទៀត។ នៅក្រុមហ៊ុនEzecom យើងផ្តល់អំណាចដល់ប្រជាជនក្រុមហ៊ុនសហគ្រាស និងប្រទេសជាតិ ដើម្បីរួមគ្នាកសាងនិងរៀបចំអនាគតឌីជីថលរបស់អ្នក។ បេសកកម្មរបស់ក្រុមហ៊ុនEzecom គឺដើម្បី «ក្លាយជាអ្នកផ្តល់ដំណោះស្រាយល្អជាងគេ ខាងសេវាទំនាក់ទំនងនៅប្រទេសកម្ពុជា តាមរយៈការបង្កើតថ្មី និងការបន្តកែលម្អខ្លួនព្រមទាំងជួយលើកស្ទួយដល់សង្គម»

ក្រុមហ៊ុនរបស់យើងខ្ញុំ ប្រើប្រាស់បណ្តាញខ្សែហ្វាយប៊ើអុបទិកនៅទូទាំងប្រទេសកម្ពុជា ដែលគាំទ្រដោយMPLS និងសេវាមជ្ឈមណ្ឌលទិន្នន័យកម្រិតពិភពលោកទៀតផង។ យើងដឹងច្បាស់អំពីតម្រូវការគុណភាពខ្ពស់ និងសេវាអ៉ិនធឺណិតដែលគួរឱ្យទុកចិត្តបានដូច្នេះក្រុមហ៊ុនEzecom បានវិនិយោគយ៉ាងច្រើនលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមទាំងប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រ(MCT) ដែលត្រូវបានភ្ជាប់មកកាន់ដីគោកប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧ ដោយមានការសហការជាមួយក្រុមហ៊ុនTelekom Malaysia និងក្រុមហ៊ុនSymphony Thailand។ ការវិនិយោគដ៏មានសារៈសំខាន់ទាំងនេះ ធានាបាននូវកម្រិតសេវាដ៏សាកសមបំផុតចំពោះតម្រូវការរបស់ក្រុមហ៊ុនសហគ្រាស និងអ្នកប្រើប្រាស់តាមគេហដ្ឋាន។ ដំណោះស្រាយ ដោយភាពច្នៃប្រឌិត និងហេដ្ឋារចនាដ៏រឹងមាំរបស់យើង បានធ្វើឱ្យយើងក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារក្នុងវិស័យរបស់យើង និងជាកត្តាជំរុញមួយនៃការវិវត្តឌីជីថលរបស់កម្ពុជា។

ទំនាក់ទំនងក្រុមហ៊ុនEzecom ផ្ទះលេខ៧ដេ មហាវិថីសហព័ន្ធរុស្ស៊ី អគារសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ទូរស័ព្ទ៖ (+៨៥៥)២៣២៣៨១៨១
និងគេហទំព័រ៖ www.ezecom.com.kh ៕