(ក្រុងឡុងដ៍)៖ លោក Thomas Tuchel គ្រូបង្វឹក Chelsea បានថ្លែងថា រូបលោកនឹងបន្តដឹកនាំតោខៀវ យ៉ាងហោចណាស់ក៏ដល់បញ្ចប់រដូវកាលនេះដែរ ដ្បិតក្លិបបានកំពុងជួបវិបត្តិហិរញ្ញវត្ថុយ៉ាងណាក៏ដោយ។

នេះជាលើកទី១ ផងដែរដែលអ្នកចាត់ការទូទៅសញ្ជាតិអាល្លឹម៉ង់ខាងលើ ចេញមកនិយាយពីអនាគតរបស់លោកក្នុងការដឹកនាំ Chelsea នៅក្រោយពេលម្ចាស់ក្លិប លោក Roman Abramovich ត្រូវបានរដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្ម ជាមួយនឹងបង្កទ្រព្យសម្បតិ្តក្លិបដែលមូលដ្ឋាននៅទីក្រុង London ដែរ។

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ថ្នាក់ដឹកនាំនៃក្លិបរួម Premier League គឺ Manchester United បានកំពុងតាមដានពីសកម្មភាពតោខៀវ Chelsea ដោយបង្ហាញចំណាប់អារម្មណ៍យកលោក Tuchel ទៅធ្វើការជាមួយពួកគេទៀតផង ដ្បិតក្លិបនៅទីក្រុង Manchester មួយពុំទាន់មានគ្រូបង្វឹកពេញសិទ្ធិនៅឡើយទេ។

ថ្លែងក្រោយ Chelsea យកឈ្នះ Newcastle United ១-០ ក្នុងលីគយប់មិញនេះលោក Tuchel បានឲ្យដឹងថា «មិនចាំបាច់សង្ស័យទេ ខ្ញុំនឹងបន្តនៅទីនេះរហូតដល់ចប់រដូវកាល។ នៅពេលនេះពួកយើងបានកំពុងរង់ចាំគ្រប់យ៉ាងដែលអាចផ្លាស់។ តាមរយៈលទ្ធផលដ៏ស្តួចស្តើងនៅទឹកដី Stamford Bridge នេះដែរ វាពិតជាប៉ះទង្គិចដល់អារម្មណ៍អ្នកគាំទ្រយើងណាស់ ដែលខុសឆ្ងាយពីមុន និងស្ថានភាពដែលក្លិបបានកំពុងជួបប្រទះ»

ខ្សែប្រយុទ្ធអន្តរជាតិអាល្លឹម៉ង់ Kai Havertz ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៨៨ ដែលធ្វើពួកគេបន្តឈរនៅលេខ៣ ក្នុងតារាងជាមួយ ៥៩ពិន្ទុគិតត្រឹមសប្តាហ៍ទី២៨ ជើងទី២ ផងដែរដោយចាញ់ក្រុមលេ២ Liverpool ៧ពិន្ទុ និងក្រុមកំពូលតារាង Manchester City ១០ពិន្ទុ ដោយនៅសល់ ១០ប្រកួតទៀតបិទរដូវកាល៕