(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជំរុញដល់យុវជន យុវតីទាំងអស់ត្រូវឆ្លៀតពេលលេងកីឡាដើម្បីសុខភាពល្អបញ្ញាវាងវៃស្មារតីរឹងមាំខិតខំរៀនសូត្រឱ្យក្លាយខ្លួន ទៅជាបញ្ញវន្តចៀសវាងការយកពេលវេលា ទៅដើរលេង ឬក៏ប្រព្រឹត្តអំពើអបាយមុខផ្សេងៗដែលបង្កផលអាក្រក់ដល់សង្គមជាតិ។

ការលើកទឹកចិត្តបែបនេះ របស់លោកអភិបាលខេត្តកណ្ដាល បានធ្វើឡើងនៅក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ឆ្នាំ២០២២» នៅកីឡដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ។

នាឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ បានប្រកាសថាការប្រកួតពានរង្វាន់បាល់ទាត់ «ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល» នឹងត្រូវរៀបចំឡើងជារៀងរាល់ឆ្នាំ (ក្នុង១ឆ្នាំម្តង) ឱ្យស្របទៅតាមទិសស្លោក «ប្រជាជនម្នាក់ ត្រូវមានកីឡាមួយប្រភេទ» សំដៅពង្រឹងសុខភាព សាមគ្គីភាព និងអភិវឌ្ឍន៍វិស័យកីឡានៅក្នុងខេត្តកណ្តាល ឱ្យកាន់តែរីកចម្រើនជាលំដាប់ផងដែរ។

លោកអភិបាលខេត្ត បានបន្តថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកណ្តាល បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការពង្រឹងគុណភាព នៃការរៀបចំការប្រកួត ទៅតាមស្តង់ដារកម្រិតខ្ពស់ មិនថានៅថ្នាក់ខេត្ត ឬនៅតាមបណ្តាក្រុង-ស្រុក មន្ទីរ-អង្គភាពជុំ វិញខេត្តឡើយ ដើម្បីផ្តល់ឱកាសទៅដល់យុជនក្នុងខេត្តបានចូលរួមលេងកីឡាបាល់ទាត់ ប្រកបដោយសមត្ថភាព ត្រឹមត្រូវតាមទម្រង់ និងរូបមន្តប្រកួតលក្ខណៈខ្នាតអន្តរជាតិ។

បន្ថែមពីនេះ លោកបានបញ្ជាក់ថា កីឡា គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូបកីឡា គឺមិនត្រឹមតែបានផ្ដល់ឱ្យយើងនូវសុខភាពល្អមានសាមគ្គីភាព និងមិត្តភាពប៉ុណ្ណោះទេ ក៏ប៉ុន្តែកីឡាក៏បានផ្តល់ឱកាសទៅដល់យុវជន បំពេញនូវក្តីប្រាថ្នា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព និងផ្តល់នូវភាពសប្បាយរីករាយ ជាចំណីចក្ខុដល់អ្នកចូលរួមទស្សនា និងអ្នកគាំទ្រជាមួយនឹងស្នាមញញឹម សម្លេងហោរកញ្ជ្រាវដែលបានផ្តល់នូវទំនាក់ទំនងជាសារវន្តដែលមិនអាចខ្វះបាន នៅតាមបណ្តាក្រុង-ស្រុក-ខេត្ត ពិសេស គឺបានជំរុញឱ្យប្រជាពលរដ្ឋចេះស្រលាញ់កីឡាកាន់តែខ្លាំងឡើង និងច្រើនឡើង។

ដោយឡែកលោក ធុល នាង ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់លោក គង់ សោភ័ណ្ឌ ឆ្នាំ២០២២ និងជាប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានលើកឡើងថា សម្រាប់លទ្ធផលផ្ដាច់ព្រាត់បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះរយៈពេលជាង ២ខែមកនេះគឺ៖

*ចំណាត់ថ្នាក់លេខ១ បានទៅក្រុមកីឡាបាល់ទាត់ ធី អិន កណ្ដាល អេហ្វស៊ី ដោយទទួលបានពាន១ ទង់ចំណាត់ថ្នាក់លេខ១ ចំនួន១ មេដាយមាសចំនួន៣០ និងថវិកាចំនូន ១២លានរៀល។
*ចំណាត់ថ្នាក់លេខ២ បានទៅ ក្រុមកីឡាបាល់ទាត់យុវជនស្រុកមុខកំពូល ទទួលបានទង់ចំណាត់ថ្នាក់លេខ២ ចំនួន១ មេដាយប្រាក់ចំនួន ៣០ និងថវិកាចំនួន ៨លានរៀល។
*ចំណាត់ថ្នាក់លេខ៣ បានទៅលើ ក្រុមកីឡាបាល់ទាត់យុវជនស្រុកល្វាឯម ដោយទទួលបានទង់ចំណាត់ថ្នាក់លេខ៣ ចំនួន១ មេដាយសំរិទ្ធចំនួន៣០ និងថវិកាចំនួន ៦លានរៀល និងចំណាត់ថ្នាក់លេខ៤ (TopFour) បានទៅក្រុមកីឡាបាល់ទាត់ យុវជនស្រុកខ្សាច់កណ្តាល ដោយទទួលបានថវិកាលើកទឹកចិត្តចំនួន ៣លានរៀល។

លោកបានបន្ថែមថា ក្រៅពីចំណាត់ថ្នាក់លេខ១ ដល់លេខ៤ គណៈកម្មការរៀបចំការប្រកួតក៏បានផ្ដល់ការលើកទឹកចិត្តដល់ក្រុមមានវិន័យល្អ (Fair-Play) ដែលបានទៅលើក្រុមកីឡាបាល់ទាត់យុវជនស្រុកល្វាឯម ដោយទទួលបានថវិកាលើកទឹកចិត្តចំនួន ៣លានរៀល។

កីឡាករដែលទាត់បញ្ចូលទីច្រើនជាងគេទទួលបានពាន១ បានទៅលើកីឡាករ ឈ្មោះ អ៉ឹម សុផានិត្យ ពាក់លេខ១០ មកពីក្រុមកីឡាបាល់ទាត់ យុវជនស្រុកខ្សាច់កណ្តាល ដោយទទួលបានថវិកាលើកទឹកចិត្តចំនួន ៥០ម៉ឺនរៀល។
អ្នកចាំទីបានល្អ បានទៅលើកីឡាករឈ្មោះ នួន វាសនា ពាក់លេខ១ មកពីក្រុមកីឡាបាល់ទាត់ ធី អិន ភណ្តាល អេហ្វស៊ី ដោយទទួលបានពាន១ និងទទួលបានថវិកាលើកទឹកចិត្តចំនួន ៥០ម៉ឺនរៀល៕