(ហុងកុង)៖ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិករបស់ចិន JD.com ដែលជាគូរប្រជែងរបស់ Alibaba បានបង្ហាញពីការខាតបង់ប្រចាំឆ្នាំជាលើកដំបូងក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ដោយទីផ្សារហ៊ុនដែលបានចុះបញ្ជីនៅផ្សារហ៊ុន Nasdaq មានការធ្លាក់ចុះចំនួន ១៨ភាគរយចំពេលកំណើននៃការលក់កើនឡើងយ៉ាងខ្លាំងនៅក្នុងភាគហ៊ុនបច្ចេកវិទ្យារបស់ចិន។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។

JD.com បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា ការខាតបង់ពេញមួយឆ្នាំ២០២១ មានរហូតដល់ចំនួន ៣.៦ពាន់លានយ៉ន់ (ប្រហែល ៥៦៩លានដុល្លារអាមេរិក) បើធៀបទៅនឹងប្រាក់ចំណូលចំនួន ៤៩.៤ ពាន់លានយ៉ន់សម្រាប់ប្រាក់ចំណូលដែលរកបាននៅក្នុងឆ្នាំ២០២០។

ទន្ទឹមនឹងនេះប្រាក់ចំណូលប្រចាំត្រីមាសពីការលក់រាយ របស់អាជីវកម្មស្នូល JD.com ដែលរួមចំណែកប្រហែល ៩០ភាគរយដល់ប្រាក់ចំណូលសរុបរបស់ខ្លួនបានឈានដល់ ២៤៩,៩ពាន់លានយ៉ន់ ដែលកើនឡើង ២១ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

ដោយឡែក JD.com ក៏កំពុងប្រឈមនឹងសម្ពាធពីវេទិការវីដេអូខ្លីៗដូចជា Douyin និង Kuaishou ដែលបាននឹងកំពុងដណ្តើមចំណែកទីផ្សារពីគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកតាមរយៈការលក់បន្តផ្ទាល់ ក៏ដូចជាការបង្កើនការផ្សាយពាណិជ្ជកម្មផងដែរ។

បើតាមប្រភពពីលោក Lei Xu គឺជានាយកប្រតិបត្តិ(CEO) នៃ JD Retail បានលើកឡើងថា លោកជឿថាវេទិកាផ្សាយផ្ទាល់នឹងមានឥទ្ធិពលរយៈពេលវែងលើក្រុមហ៊ុន e-commerce ប៉ុន្តែលោកក៏មើលឃើញពីឱកាសក្នុងការសហការជាមួយអ្នកលេងថ្មីៗទាំងនេះផងដែរ។ ដោយលោកបានបន្ថែមទៀតថា «សម្រាប់ JD.com យើងឃើញមនុស្សភាគច្រើនមកវេទិការបស់យើងដោយមានគម្រោងទិញទំនិញសម្រាប់ខ្លួនគេ ឬគ្រួសាររបស់ពួកគេ, ដូច្នេះ យើងមិនសូវទទួលរងផលប៉ះពាល់ដោយសារការលេចចេញនៃវេទិកាវីដេអូខ្លីនោះទេ»