(ក្រុងឡុងដ៍)៖ ក្រុមហ៊ុនវិនិយោគសហរដ្ឋអាមេរិក ដែលបានធ្វើការងារជាមួយនឹងការលក់ក្លិបបាល់ទាត់ Chelsea រំពឹងថា ការលក់អាចនឹងធ្វើឡើង នៅត្រឹមចុងខែមីនានេះ បន្ទាប់ពីមានការសន្ទនាវិជ្ជមានមួយជាមួយរដ្ឋាភិបាលអង់គ្លេស។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

រដ្ឋាភិបាលអង់គ្លេស នឹងចាំបាច់ត្រូវធ្វើវិសោធនកម្មអាជ្ញាបណ្ណរបស់ខ្លួន សម្រាប់ក្លិបដើម្បីលក់ បន្ទាប់ពីម្ចាស់ក្លិប លោក Roman Abramovich បានរកទណ្ឌកម្មកាលពីសប្តាហ៍មុន។

ប៉ុន្តែបន្ទាប់ពីមានកិច្ចព្រមព្រមួយថា ការលក់អាចនឹងត្រូវបានអនុម័តដោយរដ្ឋាភិបាល ហើយប្រាក់បានពីការលក់នោះ នឹងត្រូវផ្តល់ទៅកាន់ស្ថាប័នសប្បុរសធម៌នោះ វាមានការជឿជាក់ថា ការធ្វើវិសោធនកម្មនឹងត្រូវបានធ្វើឡើង។

រដ្ឋាភិបាលអង់គ្លេស បានចេញនូវអាជ្ញាបណ្ណពិសេសមួយ ដើម្បីអនុញ្ញាតឲ្យក្លិបបន្តប្រតិបត្តិការរបស់ខ្លួន បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោក Abramovich ត្រូវបានបង្កក ដោយអះអាងថា លោកបានជាប់ពាក់ព័ន្ធនឹងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ យ៉ាងណាក៏ដោយ ស្ថិតក្រោមអាណត្តិដើម នៃអាជ្ញាបណ្ណនោះ ក្លិបមិនអាចលក់បានឡើយ។

កាលបរិច្ឆេទសម្រាប់ការដេញថ្លៃ ត្រូវបានពន្យាពេលរហូតដល់ថ្ងៃសុក្រ ទី១៨ ខែមីនា ជាមួយនឹងភាគីគួរឲ្យទុកចិត្តបានជាង ២០នាក់មានការចាប់អារម្មណ៍ចង់ទិញក្លិបនៅទីក្រុង London លេងនៅលីគកំពូលអង់គ្លេស Premier League បច្ចុប្បន្ន៕