(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នឹងត្រូវរៀបចំនាខែវិច្ឆិកា ឆ្នាំ២០២២ ដែលជាការសាកល្បងចុងក្រោយសម្រាប់ត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ នេះបើយោងតាមស្មារតីកិច្ចប្រជុំតាមអនឡាញ ស្ដីពីការរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ក្រោមវត្ដមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ការប្រកួតកីឡាជាតិ បានរៀបចំ ២លើករួចមកហើយ កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៨ តែការប្រកួតលើកទី៣ ដែលគ្រោងរៀបចំកាលពីឆ្នាំ២០២០ ដោយសារការផ្ទុះជំងឺរាតត្បាតជាសាកលកូវីដ-១៩ ក្រសួងអប់រំ ក៏សម្រេចពន្យារពេល រហូតដល់ឆ្នាំ២០២២ ទើបកំណត់កាលបរិច្ឆេទរៀបចំឡើងវិញ ដើម្បីសម្រួចការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាឆ្នាំ២០២៣។

លោករដ្ឋមន្ដ្រីបានណែនាំឲ្យរៀបចំគណៈកម្មការជំនាញនានា អ្នកស្ម័គ្រចិត្តឲ្យមានវិជ្ជាជីវៈ និងត្រូវធ្វើកិច្ចសហការជាមួយគណៈកម្មាធិការជាតិ CAMSOC និងសហព័ន្ធកីឡាជាតិ ដោយរៀបចំតាមទម្រង់ស៊ីហ្គេម ដើម្បីសម្រួចគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ជាមួយគ្នានោះ លោកបណ្ឌិតសភាចារ្យ ក៏បានណែនំាឲ្យរៀបចំកីឡាជាតិ លើកទី៣ នេះ ដោយអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួនបំផុត។

ចំពោះគោលបំណងនៃការរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ គឺផ្ដោតសំខាន់លើ ៥ចំណុច រួមមាន៖

១៖ ផ្ដល់ឱកាសដល់សហព័ន្ធកីឡាជាតិ បានដាក់មន្ដ្រីបច្ចេកទេសដែលបានបណ្ដុះបណ្ដាលរួច ឲ្យអនុវត្តក្នុងការរៀបចំប្រកួតជាក់ស្ដែងនៅលើទីលាន ដើម្បីទទួលបានចំណេះដឹង ណនិងបទពិសោធន៍នៃការរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
២៖ កីឡាករ-កីឡាការិនី បានវាស់ស្ទង់គុណផលកីឡា និងទទួលបានបទពិសោធន៍នៃការប្រកួត
៣៖ អាចប៉ាន់ស្មានតម្រូវការទីលាន និងសម្ភារឧបករណ៍បច្ចេកទេសតាមស្ដង់ដារ នៃការប្រកួតជាលក្ខណៈហ្គេម
៤៖ តេស្ដសាកល្បងនៃការរៀបចំពិធីបើក-បិទ ឲ្យស្របតាមស្ដង់ដារនៃការប្រកួតជាលក្ខណៈហ្គេម
៥៖ ជាកសាកល្បងចុងក្រោយសម្រាប់ត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ និងជាការពង្រឹងការរៀបចំការប្រកួតក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយរត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្ដង់ដារ (SOP) និងការគោរពតាមវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់។

សូមបញ្ជាក់ថា កីឡាជាតិ លើកទី៣ គ្រោងរៀបចំពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិអូឡាំពិក និងទីលានតាមបណ្ដាខេត្តមួយចំនួន ពិសេសខេត្តគោលដៅត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ តាមគម្រោងព្រឹត្តិការណ៍នេះ នឹងរៀបចំការប្រកួត ៣៩ប្រភេទកីឡា និងកីឡាបារ៉ាឡាំពិក ៧ប្រភេទកីឡា ដែលនឹងមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុបប្រមាណ ៧ពាន់នាក់៕