(ភ្នំពេញ)៖ មកដល់ពេលនេះ ក្រុមហ៊ុនភោជនីយដ្ឋានបាយ័ន បានដំណើរការ Frenchise អូនគុយទាវ បានចំនួន ៤សាខាហើយ ដោយអូនគុយទាវ សាខាទី៤ ក៏ទើបបង្ហាញខ្លួននៅសែនសុខ។ អ្វីដែលលេចឮមក គឺម៉ាកយីហោមួយនេះ បានសម្រេចផ្អាកលក់ Frenchise សម្រាប់ឆ្នាំ២០២២នេះហើយ ដោយមានដំណឹងថា ក្រោយពីបើកបាន ៤សាខាដូចដែលឃើញ គឺ សាខាថ្មីៗចំនួន១៤ផ្សេងទៀត ត្រូវបានគេទិញយកបាត់ហើយ ដោយទីតាំងខ្លះ ក៏កំពុងរៀបចំបង្ហាញខ្លួន។ ប្រសិនបើការលើកឡើង គឺជារឿងពិត គឺមានន័យថា អ្នកចង់បើកជំនួញលក់គុយទាវ និងមីគាវ យីហោអូនទាវ គឺទំនងត្រូវចាំដល់ ឆ្នាំ២០២៣ ឬរង់ចាំដល់ក្រុមហ៊ុននេះ ប្រកាសពីការបន្តលក់សិទ្ធិវិញ ទើបអាចទៅរួច។

ឆ្លើយតបនឹងការទម្លាយចេញខាងលើ លោកស្រី ថេ ដាឡែន ម្ចាស់ប្រេនអូនគុយទាវ បានទទួលស្គាល់ថា លោកស្រីពិតជាសម្រេចចិត្តផ្អាកលក់ សិទ្ធិអូនគុយទាវមួយ ទៅឲ្យអតិថិជនមែន ដោយសារតែប្រេន ដែលទើបតែបង្កើតឡើងមួយនេះ មានអតិថិជន ទិញយកអស់ ១៤សាខាបន្ថែមទៀតបាត់ហើយ ក្រោយពីបើកបាន ៤សាខា ទើបលោកស្រីសម្រេចចិត្តឈប់លក់ ដើម្បីទុកច្រកឲ្យ ១៤សាខា ដែលទើបកុងត្រា បានលេចរូបរាងសិន។ លោកស្រីថា ក្រោយពីប្រកាសលក់សិទ្ធិ ប្រេនអូនគុយទាវ លក់ដាច់បាន១៤សាខា ក្នុងឆ្នាំ២០២២នេះ ដោយសាខាថ្មីដែលមានការទិញផ្ដាច់ទាំង១៤នេះ គឺសុទ្ធតែជាគម្រោងនៅភ្នំពេញ ដែលតម្រូវឲ្យលោកស្រីផ្អាកលក់សិទ្ធិនៅភ្នំពេញ នៅឆ្នាំ២០២២នេះ ដោយនៅតែនៅលក់សិទ្ធិសម្រាប់បណ្ដាខេត្តប៉ុណ្ណោះ។

លោកស្រី ថេ ដាឡែន បានបន្តថា សម្រាប់ទីតាំងនៅភ្នំពេញ អូនគុយទាវផ្អាកលក់ ប៉ុន្តែសម្រាប់សាខានៅខេត្ត គឺនៅតែពិចារណា ដើម្បីពង្រីកឲ្យកាន់តែល្បី។ ក្នុងមួយឆ្នាំ គឺមានជាង១០សាខានៅភ្នំពេញ គឺជារឿងសមល្មម ហើយលោកស្រីក៏មានមោទនភាពផងដែរ ដែលប្រេនអូនគុយទាវ ជាប្រភេទគុយទាវ និងមីគាវដ៏ល្បីប្រចាំភោជនីយដ្ឋានបាយ័ន ទទួលបានការគាំទ្រ ដល់ម្ល៉ឹង ត្រឹមតែរយៈពេលជាង ៤ខែ ដោយមាន ៤សាខាលេចរូបរាងជាស្រេច និងមាន ១៤សាខាផ្សេងទៀត ត្រូវបានទិញសិទ្ធិបន្តដំណើររួចរាល់បែបនេះ។ ភាពរីកចំរើនលឿនស្លេវនេះ គឺដោយសារតែអូនគុយទាវ គឺក្រៅពីក្រុមហ៊ុនជាអ្នកផ្គត់ផ្គង់គ្រឿងផ្សំ ទឹកស៊ុប លោកស្រីក៏ជាអ្នករ៉ាប់រងលើការផ្ដល់បុគ្គលិក និងការលក់ឲ្យផងដែរ ដោយអ្នកទិញសិទ្ធិចាំតែមើលបញ្ជីកើបលុយប៉ុណ្ណោះ។

សូមបញ្ជាក់ថា អូនគុយទាវទាំង៤សាខា ដែលបានបើកដំណើរការ ហើយរួមមានសាខានៅទីតាំងលើផ្លូវជាតិលេខ១ បុរីប៉េងហួតបឹងស្នោ ទីតាំងលើផ្លូវជាសុផារ៉ា ខាងមុខភោជនីយដ្ឋានបាយ័ន ទីតាំងនៅលើផ្លូវព្រៃស ជិតស្តុបសាលាកសិកម្ម និងទីតាំងនៅខាងមុខភោជនីយដ្ឋានបាយ័នសែនសុខ។ សាខាបន្តបន្ទាប់របស់អូនគុយទាវ ក៏បានគេបង្ហើបថា កំពុងត្រៀមរៀបចំបង្ហាញខ្លួន ឲ្យបានកាន់តែច្រើនផងដែរ នៅក្នុងទីក្រុងភ្នំពេញ៕