(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងសហព័ន្ធកីឡាជាតិ បានទទួលការឧបត្ថម្ភកុំព្យូទ័រពីក្រុមហ៊ុនឆ្នោតកីឡាជាតិចំនួន ៤៥គ្រឿង ដែលមានតម្លៃសរុបជិត ២ម៉ឺនដុល្លារ សម្រាប់បម្រើការងាររដ្ឋបាល ពិសេសបំពេញការងារក្នុងដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ពិធីប្រគល់-ទទួលកុំព្យូទ័រខាងលើ ធ្វើឡើងក្រោមវត្តមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងមានការចូលរួមពីតំណាងក្រុមហ៊ុនឆ្នោតកីឡាជាតិនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះ នៅទីស្នាក់ការ NOCC។

លោក វ៉ាត់ ចំរើន បានចាត់ទុកការឧបត្ថម្ភនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ សម្រាប់សហព័ន្ធកីឡាជាតិ ដែលកំពុងខ្វះខាត និងត្រូវការការឧបត្ថម្ភសម្ភាររដ្ឋបាលជាច្រើន សម្រាប់អនុវត្តផែនការឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាឆ្លើយតបនឹងយុទ្ធសាស្ដ្រ «សន្សំសំចៃ តែផ្ដល់នូវភាពអស្ចារ្យដល់ព្រឹត្តិការណ៍ប្រកួត» ដែលគណៈកម្មាធិការជាតិ CAMSOC បានប្រកាសដាក់ចេញក្នុងមហាសន្និបាតកាលពីថ្មីៗ។

ក្នុងនាម NOCC លោកបានថ្លែងអំណរគុណក្រុមហ៊ុន ដែលបានឧបត្ថម្ភសម្ភារខាងលើ ហើយលោកនឹងផ្ដល់កុំព្យូទ័រទាំងនោះ ដល់សហព័ន្ធកីឡាជាតិទាំងអស់ ដែលជាប់ក្នុងការជ្រើសរើសពេញសិទ្ធិសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ លោករំពឹងថា ក្រោយទទួលបានសម្ភារ សហព័ន្ធកីឡាជាតិ នឹងប្រើប្រាស់ជាប្រយោជន៍រួម ពិសេសការរក្សាទិន្នន័យ និងឯកសារផ្សេងៗសម្រាប់ទុកជាកេរ្ដិ៍ដំណែល ក្រោយចប់ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជា៕