(អាមេរិក)៖ តារាកំប្លែង និងជាតារាសម្តែងល្បីឈ្មោះរបស់អាមេរិក លោក Pete Davidson ត្រូវបានបញ្ជាក់ថា នឹងក្លាយជាអ្នកសិល្បៈបន្ទាប់ ដែលនឹងធ្វើដំណើរកំសាន្តនៅលើលំហអាកាសនៅសប្តាហ៍ក្រោយនេះ តាមរយៈក្រុមហ៊ុន Blue Origin របស់កំពូលមហាសេដ្ឋី Jeff Bezos។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

តារាប្រុស Pete Davidson វ័យ២៨ឆ្នាំ ដែលគេស្គាល់ថា ជាមិត្តប្រុសរបស់តារាទូរទស្សន៍ល្បី Kim Kardashian ត្រូវបានក្រុមហ៊ុន Blue Origin ប្រកាសឲ្យដឹងនៅថ្ងៃច័ន្ទសប្តាហ៍នេះថា គឺជាភ្ញៀវពិសេស ដែលនឹងរួមដំណើរកំសាន្តលើលំហអាកាសជាមួយអ្នកដំណើរ៤នាក់ផ្សេងទៀត សម្រាប់ការហោះហើរបែបកំសាន្តនៅទីអវកាស លើកទី៤ របស់ក្រុមហ៊ុនចាប់តាំងពីរដូវក្តៅមុន។

ភ្លាមៗក្រោយការជូនដំណឹងរបស់ក្រុមហ៊ុន Blue Origin គេឃើញថា លោក Pete Davidson មិនទាន់មានមតិយោបល់អ្វីនោះឡើយ ដែលលោកត្រូវបានជ្រើសរើសក្នុងចំណោមមនុស្សជាច្រើនទៀត ត្បិតថាលោកត្រូវបានគេរាយការណ៍ថា បានកំពុងពិភាក្សាជាមួយ Blue Origin កាលពីដើមខែនេះ។

ប្រសិនបើតាមគម្រោង ដំណើរកំសាន្តទៅកាន់លំហអាកាសលើកនេះ គឺគ្រោងធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា តាមរយៈយាន New Shepard របស់ក្រុមហ៊ុន Blue Origin ដែលបាញ់បង្ហោះនៅភាគខាងលិចនៃរដ្ឋតិចសាស់៕