(ក្រុងឡុងដ៍)៖ Liverpool នឹងបន្ថយគម្លាតពីក្រុមកំពូលតារាង Manchester City មកនៅត្រឹមតែ ១ពិន្ទុវិញ ប្រសិនបើអាចយកបាន ៣ពិន្ទុពីក្រុមម្ចាស់ផ្ទះ កាំភ្លើងធំ Arsenal នៅរាត្រីខានស្អែកនេះក្នុងលីគកំពូលអង់គ្លេស Premier League។

ការបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ របស់ Manchester City ទល់នឹងម្ចាស់ផ្ទះ Crystal Palace នៅកីឡដ្ឋាន Selhurst Park នាយប់មិញនេះ រឹងរឹតតែធ្វើឲ្យ Liverpool កាន់តែប្រកៀកក្នុងការប្រជែងយកតំណែងកំពូលតារាង Premier League ត្រឡប់មកវិញ ដ្បិតពួកគេទើបលេងបាន ២៨ប្រកួត បើប្រៀបធៀបទៅនឹង City ដែលលេងបាន ២៩ប្រកួតក្នុងជើងទី២ នេះដូចគ្នា។

Liverpool ក៏បានបំបាក់ក្រុមរបស់លោក Mikel Arteta ក្នុងលទ្ធផល ៤-០ ដែរកាលពីជើងទី១ នៅកីឡដ្ឋាន Anfield នាចុងឆ្នាំ២០២១ មុនបន្តប៉ះគ្នាក្នុងជើងទី២ ទៀតនៅទឹកដី Emirates នៅរាត្រីម៉ោង ០៣៖១៥នាទីទៀបភ្លឺឈានចូលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។

Liverpool ដែលទើបលេងបាន ២៨ប្រកួត និងរកបាន ៦៦ពិន្ទុនោះ ចាញ់ក្រុមកំពូលតារាង Manchester City តែ ៤ពិន្ទុប៉ុណ្ណោះពីពិន្ទុសរុប ៧០ពិន្ទុរបស់មេឃខៀវ គ្រាដែលគូប្រជែង Arsenal ស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ជាបណ្តោះអាសន្ន ដោយមាន ៥៦ពិន្ទុ និងទើបលេងបាន ២៦ប្រកួត៕