(បរទេស)៖ កាសែត Wall Street Journal បានរាយការណ៍នៅថ្ងៃចន្ទថា ក្រុមហ៊ុន Foxconn Technology Group កំពុងពិភាក្សាជាមួយប្រទេសអារ៉ាប៊ីសាអូឌីត អំពីការសហការគ្នាសាងសង់រោងចក្រដែលមានតម្លៃ ៩ពាន់លានដុល្លារអាមេរិក ដែលមានសមត្ថភាពផលិតមីក្រូឈីប គ្រឿងបន្លាស់រថយន្តអគ្គីសនី និងអាចផលិតគ្រឿងអេឡិចត្រូនិចផ្សេងៗទៀតបាន។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចកិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកផ្គត់ផ្គង់ដ៏ធំរបស់ Apple បានកំពុងនឹងពង្រីកខ្លួនទៅក្នុងវិស័យនានា រួមទាំងរថយន្តអគ្គីសនី និងពង្រឹងការផលិតបន្ទះឈីបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ទន្ទឹមនឹងនេះ តាមរបាយការណ៍មួយចំនួនបានឱ្យដឹងថា ក្រៅពីប្រទេសអារ៉ាប៊ីសាអូឌីត Foxconn ក៏កំពុងពិភាក្សាជាមួយប្រទេសអារ៉ាប់រួមផងដែរ អំពីសក្តានុពលនៃការរៀបចំគម្រោងនៅទីនោះ។

គួរជម្រាបដែរថា Foxconn ដែលជាបុត្រសម្ព័ន្ធ Hon Hai Precision Industry Co Ltd បាននឹងកំពុងចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគធំៗជាច្រើន រួមទាំងផែនការនៅតៃវ៉ាន់ និងឥណ្ឌាផងដែរ។ ខណៈដែលកាលពីឆ្នាំមុន Foxconn ក៏បានកាត់បន្ថយយ៉ាងខ្លាំងនូវគម្រោងរោងចក្រដែលមានតម្លៃ ១០ពាន់លានដុល្លារអាមេរិកនៅ Wisconsin ដែលអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ធ្លាប់ហៅថា «អច្ឆរិយៈទីប្រាំបីនៃពិភពលោក»