(ចិន)៖ តារាសម្តែងប្រុសល្បីមួយរូបរបស់ចិន គឺលោក Deng Lun ដែលជាតួអង្គក្នុងរឿងភាគល្បី «Princess Agents» ត្រូវបានផាកពិន័យជាទឹកប្រាក់រហូតដល់ ១៦.៦លានដុល្លារដុល្លារអាមេរិក ពីបទ «គេចពន្ធ»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

បើតាមមន្ត្រីផ្នែកពន្ធដា ក្នុងទីក្រុងសៀងហៃ បានឲ្យដឹងថា តារាសម្តែងប្រុស Deng Lun បានធ្វើការប្រកាសពីប្រាក់ចំណូលរបស់ខ្លួន ដោយមានលក្ខណៈខុសប្រក្រតី (លាក់បាំងប្រាក់ចំណូលពិតប្រាកដ) នៅចន្លោះឆ្នាំ២០១៩-២០២០។ តារារូបនេះ បានលាក់បាំងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនចំនួន ៧.៥លានដុល្លារអាមេរិក និងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន ដែលបង់គឺតិចជាងចំនួន ២.១៩លានដុល្លារ។

ក្រៅពីជាប់ពាក់ព័ន្ធនឹងករណីគេចពន្ធខាងលើ តារាប្រុសរូបនេះក៏កំពុងប្រឈមនឹងបញ្ហាមួយចំនួន ជាមួយម្ចាស់ប្រេនផលិតផលល្បីៗជាច្រើនផងដែរ ដោយសារបញ្ហានេះបានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកធ្លាក់ចុះ ពោលគឺមានក្រុមហ៊ុនខ្លះ បានលុបចោលរូបរបស់លោកចេញពីបណ្តាញសង្គមតែម្តង។

គួរជម្រាបថា ក្រោយពីទទួលដំណឹងថា ខ្លួនជាប់ពិន័យក្នុងចំនួនទឹកប្រាក់ដ៏ច្រើនពីបទ «គេចពន្ធ» តារាប្រុស Deng Lun បានបង្ហោរសារលើបណ្តាញសង្គម Weibo របស់ខ្លួន ដែលមានចំនួនជាង Follow ជាង៤០លាននាក់ថា លោកយល់ព្រមទទួលយកការសម្រេចចិត្តទាំងអស់ របស់អាជ្ញាធរពន្ធដា ដោយលោកសុខចិត្តទទួល ខុសត្រូវចំពោះបញ្ហាដែលកើតឡើងទាំងអស់។ បន្ថែមពីនេះ លោកក៏សម្តែងការសោកស្តាយ ចំពោះរឿងនេះផងដែរ៕