(បរទេស)៖ Tesla បានបណ្តេញអតីតបុគ្គលិក Autopilot ម្នាក់ឈ្មោះ John Bernal បន្ទាប់ពីគាត់បានចែករំលែកវីដេអូ Review ការបើកបររថយន្តនៅលើឆានែល YouTube របស់គាត់ឈ្មោះ AI Addict ដែលបង្ហាញពីរបៀបដែលប្រព័ន្ធ Full Self Driving Beta (FSD Beta) របស់ក្រុមហ៊ុនដំណើរការនៅក្នុងទីតាំងផ្សេងៗគ្នាជុំវិញ Silicon Valley។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

បន្ទាប់ពីបណ្តេញលោក Bernal ចេញ ក្រុមហ៊ុន Tesla ក៏បានកាត់ផ្តាច់ការចូលប្រើប្រព័ន្ធ FSD Beta នៅក្នុងរថយន្តរបស់ John Bernal ភ្លាមៗ ដែលជារថយន្ត Tesla Model 3 ឆ្នាំ 2021 បើទោះបីជាមិនមាន «កូដកម្ម» សុវត្ថិភាពនៅក្នុងកម្មវិធីក៏ដោយ។ ខណៈដែលអតីតបុគ្គលិករូបនេះនៅតែមាន FSD ដែលជាកម្មវិធីជំនួយកម្មវិធីបញ្ជាកម្រិតខ្ពស់របស់ក្រុមហ៊ុន Tesla។

បើទោះបីជាក្រុមហ៊ុន Tesla មិនបានបញ្ជាក់អំពីព័ត៌មានលម្អិតថាមូលហេតុអ្វីបានជា John Bernal ត្រូវបានគេបណ្តេញចេញក៏ដោយ ក៏ក្រុមហ៊ុន Tesla និង ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតដែលស្ថិតនៅ Silicon Valley តែងតែជម្រុញឱ្យមានវប្បធម៌នៃភាពស្មោះត្រង់។ ខណៈដែលការរិះគន់ផ្ទៃក្នុងអាចត្រូវបានអត់ឱន ប៉ុន្តែការរិះគន់ជាសាធារណៈ ត្រូវបានគេមើលឃើញថាជាការមិនស្មោះត្រង់៕