(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានផ្ដាំកីឡាករ-កីឡាការិនីជម្រើសជាតិ ដែលត្រូវពាក់ឯកសណ្ឋានមានទង់ជាតិកម្ពុជា ចូលរួមប្រកួតលើកឆាកអន្ដរជាតិ មិនមែនទៅប្រកួតយកបទពិសោធន៍នោះទេ គឺទៅប្រកួតដណ្ដើមមេដាយជូនជាតិតែម្ដង ព្រោះអ្នកទៅប្រកួត គឺអ្នកមានសមត្ថភាពពិតប្រាកដ មិនមែនទៅគ្រាន់តែជិះយន្ដហោះដើរលេងសប្បាយនោះទេ។

លោកបានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមជម្រើសជាតិ ក្នុងមណ្ឌលហ្វឹកហ្វឺនបិទខ្ទប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី១៦ ខែមីនានេះ និងមានការចូលរួមពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ព្រមទាំងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិទាំងអស់ ដែលបិទខ្ទប់ហ្វឹកហាត់នៅទីនោះ។

រដ្ឋលេខាធិការក្រសួងអប់រំរូបនេះបានបញ្ជាក់ថា «កីឡាករ-កីឡាការិនីមានតួនាទីសំខាន់ ពិសេសតួនាទីធំបំផុត គឺការពាក់អាវ ដែលមានទង់ជាតិកម្ពុជា ទៅប្រកួតលើឆាកអន្ដរជាតិ មិនមែនតែស៊ីហ្គេមនោះទេ។ ខ្ញុំសូមចូលរួមយ៉ាងទទូចកុំឲ្យថា ពាក់អាវមានទង់ជាតិកម្ពុជារបស់យើង ទៅប្រកួតលើឆាកអន្ដរជាតិ ទៅដើម្បីយកបទពិសោធន៍ ព្រោះថាពាក់អាវនេះហើយទៅមិនមែនយកបទពិសោធន៍ទេ គឺទៅដើម្បីប្រកួតប្រជែងយកមេដាយតែម្ដង»

ដោយឡែកលោក វ៉ាត់ ចំរើន បានឲ្យដឹងដែរថា ថ្នាក់ដឹកនាំមិនចង់រឹតត្បិតលើការបិទហ្វឹកហាត់នេះឡើយ តែដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ-១៩ ធ្វើឲ្យប៉ះពាល់ដល់ដំណើរការចូលរួមប្រកួតកីឡាស៊ីហ្គេម ទើបថ្នាក់ដឹកនាំសម្រេចធ្វើការរឹតបន្តឹងដូច្នេះ។ លោកទទួលស្គាល់ជំរំបិទខ្ទប់ មិនមែនជាកន្លែងហ្វឹកហាត់ធម្មតា ឬដូចនៅផ្ទះទេ ព្រោះជាកន្លែងលុតដំ និងការលះបង់។ ហេតុនេះ ត្រូវមានការអត់ធ្មត់ខ្ពស់ និងជម្នះគ្រប់ការលំបាក ដើម្បីសម្រេចគោលដៅជូនជាតិ។

លោកបញ្ជាក់ថា «ការជួបជុំគ្នាថ្ងៃនេះ គឺជាការលើកទឹកចិត្ត និងរំឮកឡើងវិញនូវបេសកកម្ម និងគោលដៅរបស់យើង ដែលត្រូវទៅ។ អ៊ីចឹងកន្លែងលុតដំនេះ មិនមែនកន្លែងផ្ទះរបស់យើង មិនមែនកន្លែងដែលយើងពេញចិត្តទាំងអស់ទេ យើងអត់បានពេញចិត្តទាំងអស់ក្នុងការធ្វើការងារនៅកន្លែងនេះទេ ប៉ុន្ដែការលះបង់របស់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ត្រូវបានថ្នាក់ដឹកនាំ និងជាតិទាំងមូលទទួលស្គាល់ លើកទឹកចិត្ត និងគាំទ្រដល់ការខិតខំប្រឹងប្រែងទាំងអស់គ្នា»

លោក ប៊ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថា បច្ចុប្បន្នមានក្រុមជម្រើសជាតិ ១៧ប្រភេទកីឡា កំពុងបិទខ្ទប់ប្រមូលផ្ដុំហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងនោះមានគ្រូបង្វឹក និងគ្រូជំនួយចំនួន ៦៧នាក់ កីឡាករ ២០៩នាក់ និងកីឡាការិនី ១១៩នាក់ សរុប ៤១២នាក់ ដើម្បីសម្រួចសមត្ថភាពត្រៀមការប្រកួតស៊ីហ្គេម នៅវៀតណាម នាខែឧសភា ឆ្នាំ២០២២ ខាងមុខ។ រីឯក្រុមជម្រើសជាតិ ២១ប្រភេទកីឡាទៀត ក៏កំពុងប្រមូលផ្ដុំហ្វឹកហាត់តាមសហព័ន្ធ និងទីតាំងមានសុវត្ថិភាពផ្សេងៗទៀតដែរ។

គួរដឹងថា តាមគម្រោងកម្ពុជា នឹងបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ប្រមាណ ៣០ប្រភេទ ស្មើនឹងជាង ៥០០នាក់ ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខ មុនដល់វេណកម្ពុជាធ្វើម្ចាស់ផ្ទះនាខែឧសភា ឆ្នាំ២០២៣៕