(ភ្នំពេញ)៖ KSH Mobile App គឺជាកម្មវិធីទូរសព្ទដៃដែលត្រូវបានបង្កើតឡើងដោយអ្នកជំនាញក្នុងមួយវិស័យអប់រំដើម្បីរួមចំណែក ក្នុងការដោះស្រាយនៃវិបត្តិសង្គមក្នុងការរស់នៅតាមបែបគន្លងថ្មី (New Normal) ខណៈឥទ្ធិពលអវិជ្ជមាននៃវិបត្តិជំងឺកូវីដ១៩ ក៏នៅតែបន្ត ដូចជា កង្វះការអប់រំ បាត់បង់ជំនាញ ឬជំងឺធ្លាក់ទឹកចិត្ត និងជំងឺថប់បារម្ភជាដើម។

ឆ្លើយតបទៅបញ្ហាទាំងនេះ KSH Mobile Appបានផ្តល់ជូនដល់សាធារណជនកម្ពុជា នូវវីដេអូអប់រំខ្លីជាង៥០០ក្លីប សម្រាប់ទស្សនាដោយសេរីនៅក្នុងកម្មវិធីទូរសព្ទដៃ ទាំង iOS និង Android។

លោក ឃីម សុខហេង ស្ថាបនិកនៃកម្មវិធីទូរសព្ទដៃ KSH Online បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី១៦ ខែមីនាថា «នៅពេលដែលយើងមិនមែនជាចំណែកនៃដំណោះស្រាយ នោះយើងនឹងក្លាយជាចំណែក នៃបញ្ហា។ ហើយបញ្ហាសង្គមមិនមែនជាបញ្ហាតែឪពុកម្តាយ កូនៗ ឬយុវជន ឬរដ្ឋាភិបាលតែមួយមុខនោះទេ ប៉ុន្តែវាជាបញ្ហារបស់យើងទាំងអស់គ្នា»

លោកបន្តថា «ក្នុងនាមខ្ញុំជាអ្នកអប់រំ ខ្ញុំពេញចិត្តក្នុងការចែករំលែកទៅកាន់បងប្អូនប្រជាពលរដ្ឋយើង អំពីដំណោះស្រាយ ដែលអាចឆ្លើយតបនឹងបញ្ហាដែលគាត់កំពុងប្រឈម។ ហើយពួកគាត់គ្រប់ខ្នងផ្ទះសុទ្ធតែអាចទទួលបាន ការអប់រំដូចៗគ្នា ស្នើៗគ្នា តាមរយៈនៃការទាញយកកម្មវិធីទូរស័ព្ទដៃ KSH Online មកស្តាប់បានដោយសេរីនូវវីដេអូអប់រំរបស់យើង ដែលបង្ហោះជាបន្តបន្ទាប់។ ហើយលោកគ្រូ ឃីម សុខហេង ក៏មិនមែនត្រឹមតែជាគ្រូរបស់អ្នក រាល់គ្នាដែរ តែជាសមាជិកនៃគ្រួសារខ្មែរយើងទាំងអស់គ្នា ដោយយើងនៅក្បែរគ្នា និងជួយគ្នាជានិច្ច ពិសេសតាមរយៈនៃការអប់រំនេះផ្ទាល់តែម្តង»

គួររម្លឹកផងដែរថា កម្មវិធីទូរសព្ទដៃ KSH Online ដែលផ្តោតសំខាន់ដល់ការអប់រំ តម្រង់ទិសលើការសិក្សា ការងារ គ្រួសារ និងការលើកទឹកចិត្តក្នុងការដោះស្រាយបញ្ហាសង្គមនានា ត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីខែតុលា ឆ្នាំ២០១៩មកម្ល៉េះ។ រហូតមកដល់បច្ចុប្បន្ន កម្មវិធីទូរសព្ទដៃ KSH Onlineនេះ មានអ្នកទាញយក និងប្រើប្រាស់សកម្មជាង១៨៤ពាន់នាក់ (184000 Subscribers) ខណៈក្រុមការងារនៃកម្មវិធីទូរសព្ទដៃ KSH Online នេះរំពឹងទុកថា ត្រឹមដំណាច់ខែមីនាឆ្នាំ២០២២នេះ នឹងទទួលបានអ្នកប្រើប្រាស់ដល់១លាននាក់។ ជាងនេះទៅទៀត វីដេអូឃ្លីបអប់រំជាង១៥០០ឃ្លីប ត្រូវបានបង្ហោះនៅក្នុងកម្មវិធីទូរសព្ទដៃ KSH Online។

នៅក្នុងសន្និសីទនេះ ក៏មានការចូលរួមពីលោកស្រី ខៀវ សានសាណា ដែលជាគ្រូឧទ្ទេសម្នាក់នៅក្នុងកម្មវិធីទូរសព្ទដៃ KSH Online នេះដែរ ដោយលោកស្រី ពិធីការិនីឆ្នើមរូបនេះ បង្រៀនអំពីការលើកទឹកចិត្តដល់យុវជន ក្នុងការជឿជាក់លើខ្លួនឯង និងហ៊ានសុបិនទៅរកអនាគតដ៏ភ្លឺស្វាងរបស់គេ ខណៈវត្តមានរបស់លោកគ្រូបណ្ឌិត ឆាត សុឆេត បង្រៀនអំពីការបីបាច់ថែរក្សាកូនចៅ និងការរៀបចំខ្លួនជាឪពុកម្តាយគំរូ។

ចាប់តាំងពីខែមីនា ឆ្នាំ២០២០ អង្គការសុខភាពពិភពលោក បានធ្វើការប្រកាសជាសាកលថា ពិភពលោកទាំងមូលកំពុងតែជួបនឹងវិបត្តិនៃការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩។ វិបត្តិនេះ មិនត្រឹមតែប៉ះពាល់ដល់បញ្ហាសុខភាព សាធារណៈតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែកត្តាសេដ្ឋកិច្ច និងសង្គមក៏ទទួលផលប៉ះពាល់យ៉ាងដំណំទៀតផង។

ប្រភពដដែលក៏បញ្ជាក់បន្ថែមទៀតថា ប្រជាជនមួយចំនួនធំបានបាត់បង់ការងារ និងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ខណៈសាលារៀនត្រូវបានបិទទ្វារ ដែលបណ្តាលឱ្យសិស្សានុសិស្សក៏ប្រឈមជាមួយ នឹងការបាត់បង់សិក្សា ឬទទួលបានការសិក្សាមានកម្រិតផងដែរ៕