(បរទេស)៖ ក្រុមហ៊ុនដេញថ្លៃធំៗចំនួន៣ ដែលគ្រោងរៀបចំកម្មវិធីដេញថ្លៃស្នាដៃល្បីៗ នៅអំឡុងខែមីថុនា ឆ្នាំ២០២២ខាងមុខ ក្នុងទីក្រុងឡុងដ៍ បានប្រកាសព្រមគ្នា អំពីការសម្រេចចិត្តរបស់ខ្លួន មិនឲ្យវិចិត្រកររុស្ស៉ីចូលរួមលក់ស្នាដៃរបស់ខ្លួនឡើយ ខណៈវាជាការចូលរួមដាក់ទណ្ឌកម្ម ប្រឆាំងរុស្ស៉ី ជុំវិញបញ្ហាឈ្លានពានប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមិណា ឆ្នាំ២០២២។

ក្រុមហ៊ុនដែលបានប្រកាសនោះរួមមាន Christie’s, Sotheby’s, និង Bonhams សុទ្ធតែបានប្រកាសមិនឲ្យវិចិត្រកររុស្ស៉ីចូលរួម ខណៈក្រុមហ៊ុន Sotheby’s មិនបានផ្តល់ហេតុផលអ្វីច្រើនទេ ជុំវិញការសម្រេចចិត្តរបស់ខ្លួន គ្រាន់តែអះអាងថា វាជាការដាក់ទណ្ឌកម្ម។ ងាកមកក្រុមហ៊ុន Christie’s វិញបានលើកឡើងថា ការសម្រេចចិត្តរបស់ខ្លួន គឺមានកត្តា រួមនានា ពោលគឺ ភាព មិន ប្រាកដ ប្រជា នៃ សង្គ្រាម, ផ្លូវច្បាប់ ដ៏ ស្មុគស្មាញ ដែល ទាក់ទង នឹង ទណ្ឌកម្មជាដើម និងក្រុមហ៊ុន Bonhams មិនបានផ្តល់ហេតុផលនោះឡើយ ។

គួរជម្រាបថា តាមរយៈការដេញថ្លៃខាងលើនេះ ម្ចាស់ស្នាដៃជនជាតិរុស្ស៉ីធ្លាប់ទទួលបានប្រាក់រាប់លានដុល្លារ នាពេលកន្លងមក ខណៈការដាក់ទណ្ឌកម្មពេលនេះ គឺធ្វើឲ្យពួកគេខាតបង់ប្រាក់ចំណូលមិនតិចនោះទេ។ ជាក់ស្តែង ការងារកន្លងមករបស់វិចិត្រកររុស្ស៉ីពីការដេញថ្លៃនេះ គឺទទួលបានចំណូលសរុបខ្ទង់៤៩.៦លានដុល្លារ ពីការដេញថ្លៃ នៅក្រុមហ៊ុន Sotheby’s និង Chirstie’s ក្នុងទីក្រុងឡុងដ៍ កាលពីឆ្នាំ២០២១កន្លងទៅ៕