(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានសន្យានឹងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត ១ម៉ឺនដុល្លារ ដល់កីឡាករ-កីឡការិនីការិនីរបស់ខ្លួន ដែលដណ្ដើមបានមេដាយមាស ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម ខណៈអ្នកឈ្នះមេដាយប្រាក់ នឹងទទួលបាន ៥ពាន់ដុល្លារ បន្ថែមលើប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ដែលអ្នកឈ្នះមេដាយមាស ក៏ទទួលបាន ៤០លានរៀលផងដែរ។

នេះបើតាមការបញ្ជាក់របស់លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំត្រីមាសទី១ ក្រោមវត្ដមានលោក គៀត ច័ន្ទថារិទ្ធ នាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

អគ្គលេខាធិការសហព័ន្ធខាងលើបន្ដថា សហព័ន្ធបានឯកភាពគ្នា ក្រោមការឧបត្ថម្ភគាំទ្រពីប្រធាន និងអនុប្រធានសហព័ន្ធ។ មិនតែប៉ុណ្ណោះរាល់ការប្រកួតនីមួយៗ ប្រមុខសហព័ន្ធដដែល ក៏នឹងផ្ដល់នូវការឧបត្ថម្ភ ដោយវិញ្ញាសាឯកត្តជន កីឡាករ-កីឡាការិនីប្រកួតឈ្នះ ១ប្រកួត នឹងទទួលបាន ២០០ដុល្លារ ខណៈឈ្នះ ២ប្រកួតទទួលបាន ៤០០ដុល្លារ និងឈ្នះ ៣ប្រកួតទទួលបាន ៦០០ដុល្លារជាដើម។

រីឯវិញ្ញាសាជាក្រុម បើប្រកួតឈ្នះ ១ប្រកួតទទួលបាន ១,០០០ដុល្លារ តែបើឈ្នះ ២ប្រកួតទទួលបាន ៣,០០០ដុល្លារ ហើយបើកឈ្នះបន្ដទៀត នឹងគុណប្រាក់លើកទឹកចិត្តនេះទ្វេដង។ អ្វីដែលពិសេស ចំពោះកីឡាករ-កីឡាការិនីវាយកូនឃ្លីលើតុកម្ពុជា ដណ្ដើមបានមេដាយមាស ប្រធានសហព័ន្ធលោក គៀត ច័ន្ទថារិទ្ធ នឹងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១ម៉ឺនដុល្លារតែម្ដង។ លោក ស៊ុន សុទ្ធារិទ្ធ បន្ថែម។

លើសពីនេះ សហព័ន្ធក៏បានសម្រេចនូវគោលការណ៍ក្នុងការបង្កើតមូលនិធិពិសេសមួយ សម្រាប់ទ្រទ្រង់ដល់សកម្មភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិ និងការចំណាយចាំបាច់ផ្សេងៗ ដើម្បីសម្រួចគោលដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ ម្យ៉ាងសហព័ន្ធក៏គ្រោងនឹងអញ្ជើញគ្រូបង្វឹកកម្រិតខ្ពស់មកពីកូរ៉េខាងត្បូង ដើម្បីជំរុញ និងពង្រឹងការហ្វឹកហាត់ដល់កីឡាករ-កីឡាការិនីជម្រើសជាតិរបស់ខ្លួនទៀតផង។

គួរបញ្ជាក់ថា កម្ពុជាត្រៀមបញ្ជូនប្រតិភូ និងអត្តពលិកប្រមាណជាង ៥០០នាក់ លើកីឡា ៣០ប្រភេទទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម ចាប់ពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខក្នុងនោះក៏មានកីឡាវាយកូនឃ្លីលើតុផងដែរ។ ចំពោះប្រាក់រង្វាន់ជយលាភី ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាប្រចាំតំបន់ ២ឆ្នាំម្ដងនេះ ត្រូវបានរាជរដ្ឋាភិបាលកំណត់តាមរយៈអនុក្រឹត្យ ដោយមេដាយមាស ទទួលបាន ៤០លានរៀល មេដាយប្រាក់ ទទួលបាន ៣០លានរៀល និងមេដាយសំរឹទ្ធ ទទួលបាន ១៦លានរៀល៕