(អាមេរិក)៖ តារារ៉េបល្បីឈ្មោះរបស់អាមេរិក Kanye West ត្រូវបានក្រុមហ៊ុន Meta មេធំរបស់ Instagram ដាក់បំរាមមិនឲ្យលេង Instagram រយៈពេល២៤ម៉ោង បន្ទាប់ពីការបង្ហោះសារថ្មីៗ របស់តារារ៉េបរូបនេះ បានបំពានគោលការណ៍ ពាក់ព័ន្ធលើការនិយាយស្អប់ខ្ពើម ការសម្លុត និងការយាយីជាដើម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Billboard នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta បានថ្លែងប្រាប់ TMZ ថា គណនី Instagram របស់តារារ៉េប Kanye West បានជាប់បំរាមរយៈពេល២៤ម៉ោង ពោលគឺមិនអាចបង្ហោះ បញ្ចេញមតិ និងផ្ញើសារ និងមិនអាចបញ្ចេញសកម្មភាពផ្សេងទៀត នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ។ ការជាប់បំរាមនេះ គឺបន្ទាប់ពីតារារ៉េប Ye បានបង្ហោះសារក្នុងន័យអំពើហិង្សារ រំលោភបំពាន ឌឺដង ទៅលើអតីតភរិយា គឺតារាទូរទស្សន៍ល្បី Kim Kardashian ម្តងជាពីរដង ដែលនេះ គឺខុសគោលការណ៍របស់ Instagram។

ខណៈអតីតភរិយារបស់តារារ៉េបរូបនេះ គឺ Kim Kardashian នៅដើមខែមីនានេះ ទើបតែទទួលការបញ្ជាក់ភាពនៅលីវដោយស្របច្បាប់ ក្រោយពីមានសម្រេចសាលក្រមពីចៅក្រម តបតាមសំណើររបស់នាង ក្រោយលែងលះគ្នាដាច់ស្រឡះពីតារារ៉េប Kanye West។

យោងតាមអ្នកនាំពាក្យក្រុមហ៊ុន Meta បានបន្ថែមថា បន្ទាប់ពីការរឹតបន្តឹងរយៈពេល២៤ម៉ោងដំបូងត្រូវបានបញ្ចប់ វេទិកាបណ្តាញសង្គមរបស់ខ្លួន នឹងចាត់វិធានការបន្ថែម ប្រសិនបើឃើញគណនីរបស់ Ye នៅតែបន្តបំពានគោលការណ៍របស់ខ្លួន លើការនិយាយស្អប់ខ្ពើម និងការគំរាមកំហែង និងការយាយីទៀត៕