(ឡុងដ៍)៖ អង់គ្លេស បានកោះហៅខ្សែការពាររបស់ក្លិប Crystal Palace កីឡាករ Marc Guehi ចូលក្រុមជម្រើសជាតិ ជាលើកដំបូង សម្រាប់ការប្រកួតលក្ខណៈមិត្តភាព នាខែមីនានេះ ជាមួយក្រុមជម្រើសជាតិស្វីស និងកូតឌីវ័រ, នេះបើតាមការឲ្យដឹងពីសមាគមបាល់ទាត់អង់គ្លេស ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ។

អង់គ្លេស នឹងប្រកួតប៉ះក្រុមស្វីស នៅថ្ងៃទី២៦ ខែមីនា និងប៉ះក្រុមកូតឌីវ័រ នៅថ្ងៃទី២៩ ខែដដែល នាកីឡដ្ឋាន Wembley Stadium។

បន្ទាប់ពីរដូវកាលប្រកួតរបស់ក្លិប ត្រូវបានបញ្ចប់, ក្រុមជម្រើសជាតិអង់គ្លេស ដែលដឹកនាំដោយលោក Gareth Southgate នឹងប្រកួតក្នុងលីគ UEFA Nations League នៅខែមិថុនា ខណៈពួកគេស្ថិតក្នុងពូល ជាមួយអាល្លឺម៉ង់, អ៊ីតាលី និងហុងគ្រី។

អង់គ្លេស បានប្រកួតជម្រុះរួចជាស្រេចហើយ សម្រាប់ព្រឹត្តិការណ៍ 2022 World Cup ហើយនឹងប្រើប្រាស់ការប្រកួតមិត្តភាព ជាការត្រៀមខ្លួន សម្រាប់ការប្រកួតនៅប្រទេសកាតា ដែលនឹងចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខ៕