(ម៉ាណាម៉ា)៖ កីឡាករប្រណាំងរថយន្តសញ្ជាតអាល្លឺម៉ង់ Nico Hulkenberg នឹងត្រូវប្រណាំងជំនួសកីឡាករ Sebastian Vettel ក្នុងការប្រណាំងបើករដូវកាលព្រឹត្តិការណ៍ Formula One នៅប្រទេសបារ៉ែន បន្ទាប់ពីកីឡាករម្ចាស់ពានរង្វាន់ជើងឯក លំដាប់ពិភពលោករូបនេះ ត្រូវបានគេរកឃើញវិជ្ជមានជំងឺកូវីដ១៩, នេះបើតាមការអះអាងពីក្រុម Aston Martin ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ។

Hulkenberg គឺជាកីឡាករបម្រុងរបស់ក្រុម ហើយធ្លាប់បានបើកជំនួសឲ្យពួកគេ ចំនួន៣លើករួចមកហើយ ចាប់តាំងពីលោកបានប្រណាំងចុងក្រោយពេញម៉ោង ក្នុងព្រឹត្តិការណ៍ Formula One ជាមួយក្រុម Renault ក្នុងឆ្នាំ២០១៩។

កីឡាករវ័យ៣៤ឆ្នាំរូបនេះ បានប្រណាំងជំនួសកីឡាករសញ្ជាតម៉ិកស៊ិក Sergio Perez ចំនួន២លើក និងកីឡាករសញ្ជាតកាណាដា Lance Stroll ចំនួន១លើក ក្នុងឆ្នាំ២០២០ ដោយសារកីឡាករទាំងពីរ វិជ្ជមានកូវីដ១៩។

ការប្រណាំងចុងក្រោយរបស់លោក គឺក្នុងព្រឹត្តិការណ៍ Eifel Grand Prix ឆ្នាំ២០២០ នៅឯទីលាន Nuerburgring របស់អាល្លឺម៉ង់ នៅពេលដែលលោកបានជំនួសកីឡាករ Stroll។

គួរជម្រាបថា Vettel គឺជាកីឡាករប្រណាំងរថយន្តទី២ហើយ ដែលត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ក្នុងខែនេះ, ជាមួយនឹងកីឡាករសញ្ជាតអូស្ត្រាលី Daniel Ricciardo របស់ក្រុម McLaren គ្រោងនឹងត្រឡប់ចូលប្រកួតវិញ នាថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក៕