(តៃប៉ិ)៖ ក្រុមហ៊ុន Foxconn បានព្យាករណ៍ថាប្រាក់ចំណូលរបស់ខ្លួននៅក្នុងឆ្នាំនេះបានធ្លាក់ចុះរហូតដល់ទៅ ៣ភាគរយ ដែលជាការធ្លាក់ចុះនៃការលក់ប្រចាំឆ្នាំលើកដំបូងរបស់ខ្លួនក្នុងរយៈពេលប្រាំមួយឆ្នាំកន្លងមកនេះ ដោយសារតែកង្វះខាតបន្ទះឈីបបានច្របាច់ផលិតកម្មស្មាតហ្វូន និងតម្រូវការធ្លាក់ចុះបន្ទាប់ពីមានការកើនឡើងក្នុងអំឡុងពេលជំងឺរាតត្បាត។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

ក្រុមហ៊ុនតៃវ៉ាន់ដែលបានបញ្ឈប់ការផលិតនៅក្នុងប្រទេសចិនកាលពីដើមសប្តាហ៍នេះ គឺដើម្បីអនុវត្តតាមការទប់ស្កាត់របស់រដ្ឋាភិបាល បានលើកឡើងដោយឡែកថា ខ្លួនបានចាប់ផ្តើមផលិតកម្ម និងប្រតិបត្តិការមួយចំនួនឡើងវិញ បន្ទាប់ពីបានបំពេញតាមលក្ខណ្ឌរបស់រដ្ឋាភិបាលរួចរាល់។

ទន្ទឹមនឹងនេះការផ្អាកផលិតកម្មរបស់ក្រុមហ៊ុន Foxconnដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកកិច្ចសន្យាធំជាងគេរបស់ពិភពលោក និងក្រុមហ៊ុនផ្សេងទៀតរួមទាំង Toyota Motor របស់ប្រទេសជប៉ុនបានជម្រុញឱ្យមានការព្រួយបារម្មណ៍ជាខ្លាំងទាក់ទងនឹងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកលដែលអាចនឹងរងផលប៉ះពាល់ដោយសារប្រទេសចិនដោះស្រាយការរីករាលដាលដ៏ធំបំផុតរបស់ខ្លួនក្នុងការឆ្លង COVID-19 ចាប់តាំងពីដើមឆ្នាំ ២០២០មក។

នាយកប្រតិបត្តិ (CEO) និងជាប្រធានក្រុមហ៊ុន Foxconn Technology លោក Liu Young-way បានលើកឡើងថា «ជំងឺរាតត្បាតមិនទាន់បានធូរស្រាលទេ អតិផរណាកើនឡើងខ្ពស់ ហើយនយោបាយពិភពលោកកំពុងតានតឹង ទាំងអស់នេះធ្វើឱ្យតម្រូវការកាន់តែស្មុគ្រស្មាញ ហើយនាំឱ្យមានភាពមិនច្បាស់សលាស់សម្រាប់ទស្សនវិស័យរបស់យើង» ដោយលោកបានហៅឆ្នាំ២០២២ នេះថាជាឆ្នាំដែលលំបាក។

គួរជម្រាបដែរថា Foxconn រំពឹងថានឹងមានផលប៉ះពាល់តិចតួចពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយសារតែប្រទេសទាំងពីនេះមិនមែនប្រភពនាំចូលសំខាន់នៃវត្ថុធាតុដើមដូចជានីកែល និងអ៊ីយូតានោះទេ៕