(ម៉ានដាលីកា)៖ ឥណ្ឌូនេស៊ី នឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូ Grand Prix នៅចុងសប្តាហ៍នេះ ជាលើកដំបូងរបស់ខ្លួន ក្នុងរយៈពេល២៥ឆ្នាំ, ដោយព្រឹត្តិការណ៍ប្រណាំងម៉ូតូ MotoGP នេះ គ្រោងនឹងធ្វើឡើងនៅកោះរមណីយដ្ឋាន Lombok សម្រាប់ការប្រណាំងលើកទី២ ក្នុងរដូវកាលនេះ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ។

ឥណ្ឌូនេស៊ី បានអះអាងដល់អ្នករៀបចំកម្មវិធីថា ផ្លូវប្រណាំងប្រវែង៤.៣គីឡូម៉ែត្រ នៅឯទីលាន Mandalika International Street Circuit គឺបានរៀបចំរួចរាល់ហើយ សម្រាប់ការប្រណាំង ជាមួយនឹងការជួសជុលត្រូវបានបញ្ចប់ បន្ទាប់ពីមានការតវ៉ា នៅអំឡុងពេលការសាកល្បង កាលពីខែមុន អំពីភក់, ដុំថ្ម និងស្នាមប្រេះ ដែលធ្វើឲ្យអ្នកបើកបរមានគ្រោះថ្នាក់។

សូមរំលឹកថា ប្រទេសប្រជុំដែនកោះមួយនេះ បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ Grand Prix ក្នុងឆ្នាំ១៩៩៦ និង១៩៩៧។ ម៉ូតូរាប់លានគ្រឿង ត្រូវបានប្រើប្រាស់ នៅឥណ្ឌូនេស៊ី ខណៈការលក់ម៉ូតូជាប្រចាំខែនៅទីនោះ ជាមធ្យមមាន៤២១,០០០គ្រឿង កាលពីឆ្នាំមុន៕