(បរទេស)៖ មុននឹងក្លាយជាប្រធានាធិបតីអ៊ុយក្រែន ជាផ្លូវការដូចពេលបច្ចុប្បន្នេះ លោក Volodymyr Zelensky ត្រូវបានគេដឹងថា ជាតារាសម្តែង និងជាតារាកំប្លែងដ៏ជោគជ័យម្នាក់។ ខណៈសង្គ្រាមនៅអ៊ុយក្រែនមិនទាន់បញ្ចប់ផង ឥឡូវនេះក្រុមហ៊ុន Netflix ស្រាប់តែប្រកាសផ្សាយម្តងទៀត នូវរឿងភាគទូរទស្សន៍ ដែលលោក Zelensky ចូលរួមសម្តែង និងជួយឲ្យលោកក្លាយជាតារាល្បី និងក្លាយជាប្រធានាធិបតីពិតប្រាកដ ក្រោយសម្តែងរឿង។

តាមការចេញផ្សាយរបស់សារព័ត៌មាន CNN បានឲ្យដឹងថា ខ្សែភាពយន្តដែលលោក Zelensky ចូលរួមសម្តែង ចំណងជើងថា «Servant of the People» គឺជារឿងកំប្លែងនយោបាយដែលមានលោក Zelensky សម្តែងជាតួអង្គគ្រូបង្រៀនវិទ្យាល័យ និងបានក្លាយជាប្រធានាធិបតីអ៊ុយក្រែន បន្ទាប់ពីសុន្ទរកថារបស់លោក អំពីអំពើពុករលួយនៅក្នុងរដ្ឋាភិបាលអ៊ុយក្រែន។

ខ្សែភាពយន្តមួយនេះ បានចេញផ្សាយនៅអំឡុងឆ្នាំ២០១៥ ហើយវាក៏ត្រូវបានគេដឹងថា ជាផ្នែកមួយជួយឲ្យ លោក Zelensky ឡើងកាន់តំណែងជាប្រធានាធិបតីអ៊ុយក្រែន ពិតប្រាកដក្នុងឆ្នាំ ២០១៩។

ទន្ទឹមគ្នានេះ Netflix បានបង្ហោះសារ Twitter ថា ដោយមានការសំណូមពរពីទស្សនិកជន រឿង «Servant of the People» នេះនឹងចាក់បញ្ចាំងឡើងវិញ។ ដោយសារ Zelensky បច្ចុប្បន្ន កំពុងត្រូវបានពិភពលោកចាប់អារម្មណ៍ ជាពិសេសទៅលើស្មារតីការពារជាតិរបស់លោក បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី៕