(អ៊ីស្តង់ប៊ូល)៖ Pierre-Emerick Aubameyang ជាអ្នករកបានគ្រាប់ជ័យជម្នះ ២-១ ឲ្យក្រុម FC Barcelona យកឈ្នះ ម្ចាស់ផ្ទះ Galatasaray បញ្ចប់វគ្គ ១៦ក្រុមចុងក្រោយនៃពានលំដាប់ទី២ អឺរ៉ុប UEFA Europa League នៅរាត្រីឆ្លងចូលព្រឹកថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។

នេះជាគ្រាប់ទី៧ ផងដែរសម្រាប់កីឡាករអន្តរជាតិកាបុង ពីការចូលលេងបាន ៧ប្រកួតគ្រប់កម្មវិធីរបស់ Barcelona ក្រោយផ្ទេរចេញពីទឹកដីអង់គ្លេស នៃក្លិបកាំភ្លើងធំ Arsenal នាខែមករា ឆ្នាំ២០២២។

ការប្រកួតដែលបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ កាលជើងទី១ នៅកីឡដ្ឋាន Camp Nou នោះ ខ្សែការពារប្រេស៊ីល Marcao រកបានគ្រាប់នាំមុខឲ្យម្ចាស់ផ្ទះ Galatasaray មុនពេល Pedri រកគ្រាប់តាមស្មើវិញពីការបញ្ជូនរបស់ Ferran Torres នៅមុនពេលបញ្ចប់វគ្គទី១ និងគ្រាប់ជ័យជម្នះរកបានដោយ Aubameyang នោះ ត្រឹមចាប់ផ្តើមលេងវគ្គទី២ បាន ៤នាទីប៉ុណ្ណោះ។

FC Barcelona បានចូលរួមជាមួយក្រុម Eintracht Frankfurt, Lyon, Atalanta, West Ham United, Rangers, SC Braga និង RB Leipzig មុនការចាប់ឆ្នោតវគ្គ ៨ក្រុមដែលធ្វើឡើងនារាត្រីនេះ នៅទីក្រុង Nyon ប្រទេសស្វីស៕