(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ទទួលបន្ទុកនាយបេសកកម្មស៊ីហ្គេមរបស់កម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែមីនា បានដឹកនាំប្រតិភូកីឡាកម្ពុជា ចូលរួមកិច្ចប្រជុំនាយបេសកកម្ម នៅទីក្រុងហាណូយ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាមនាខែឧសភាខាងមុខ។

នាយបេសកកម្មខាងលើបន្ដថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ទើបលោកបានដឹកនាំប្រតិភូកីឡាកម្ពុជា ចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មុនបញ្ជូនកីឡាករ-កីឡាការិនីជម្រើសជាតិចូលរួមប្រកួតកីឡាស៊ីហ្គេមនៅវៀតណាម ចាប់ពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបញ្ជាក់ថា «គណៈប្រតិភូចេញទៅពេលនេះ គឺដើម្បីពិនិត្យមើលការរៀបចំជាមុននូវកន្លែងហូបចុក ស្នាក់នៅ ការដឹកជញ្ជូន បដិសណ្ឋារកិច្ច របៀបរបបរៀបចំដឹកនាំរបស់ម្ចាស់ផ្ទះស៊ីហ្គេម វៀតណាម ក៏ដូចជាដាក់បង្ហាញនូវទីលានប្រកួតចុងក្រោយ។ អ្វីដែលពិសេស គឺក្រុមប្រិតភូ ក្រុមកីឡាករ កីឡាការិនីកម្ពុជា នឹងចូលរួមក្នុងទ្រង់ទ្រាយធំជាងគេ គឺជាង ៥០០នាក់»

លោកបន្ថែមថា ក្នុងកិច្ចប្រជុំរយៈពេល ៣ថ្ងៃនេះដែរ ក៏នឹងមានកិច្ចប្រជុំពិសេស រវាងមន្ដ្រីជាន់ខ្ពស់ CAMSOC និងគណៈកម្មាធិការស៊ីហ្គេម វៀតណាម ដើម្បីធ្វើកិច្ចសហប្រតិបត្តិការរវាងស៊ីហ្គេមនៅវៀតណាម និងស៊ីហ្គេមនៅកម្ពុជា ថាតើវៀតណាមអាចជួយលើផ្នែកណាខ្លះ ដូចជាការបណ្ដុះបណ្ដាល បច្ចេកវិទ្យាហ្គេម ឬបទពិសោធន៍អ្វីខ្លះ តាមរយៈការស្នើរបស់ម្ចាស់ផ្ទះម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

គួរបញ្ជាក់ថា កម្ពុជាគ្រោងបញ្ជូនប្រតិភូ និងអត្តពលិកចូលរួមប្រកួតស៊ីហ្គេម នៅវៀតណាម ប្រមាណជាង ៥០០នាក់ លើ ៣៣ប្រភេទកីឡា ដែលជាបេសកកម្មទ្រង់ទ្រាយធំ និងជាហ្គេមយុទ្ធសាស្ដ្ររបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ចំពោះដំណើរចូលរួមកិច្ចប្រជុំរបស់ប្រតិភូខាងលើ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមីនាខាងមុខ ខណៈគ្រប់បណ្ដាប្រទេសអាស៊ានក៏ចូលរួមប្រជុំដែរ៕