(ភ្នំពេញ)៖ ជើងខ្លាំងប្រដាល់គុនខ្មែរចំនួន១២រូប បានឈ្នះការប្រកួតជម្រុះកាលពីចុងសប្តាហ៍មុន និងអាចឈានជើងចូលរួមក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំមិនធ្លាប់មានពីមុនមក នៅកម្ពុជាឈ្មោះថា «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដែលនឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខនេះ។

បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនម៉ោង នៅលើស្ថានីយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី (TOWN FULL HDTV៖ រួចមក ជើងខ្លាំងទម្ងន់ ៦៣.៥គីឡូក្រាម ចំនួន១២រូប នឹងត្រូវត្រៀមខ្លួនដើម្បីដណ្តើមខ្សែក្រវាត់ពិភពលោក IPCC និងប្រាក់លានសរុប ១២០លានរៀល។

ជើងខ្លាំងទាំងនេះរួមមាន៖

* ១៖ ម៉ន ព្រហ្មម៉ាញ មកពីក្លិបកងចក្ររាជសី
* ២៖ កន ចន្ថា មកពីក្លិបអភិរក្សគុនខ្មែររុងរឿង
* ៣៖ ចាន់ ប៊ុនហឿន មកពីក្លិបថ្មគោលខណ្ឌពោធិ៍សែនជ័យ
* ៤៖ សោម ពិសិដ្ឋ មកពីក្លិបអេភូថងកីឡា
* ៥៖ ខុន បូឡា មកពីក្លិបនរាយតេជៈ
* ៦៖ រិន សារ័ត្ន មកពីក្លិបកងទ័ពជើងទឹក
* ៧៖ ធន់ ចាន់តាក់ មកពីក្លិបកងយោធពលខេមរភូមិន្ទ
* ៨៖ ឡុង បេនលឿន មកពីក្លិបសាលវន្តកីឡា
* ៩៖ សួន ចាន់នី មកពីក្លិបបក្សីស្លាបដែក
* ១០៖ សោម វិច្ឆ័យ មកពីក្លិបវិបុលដារិទ្ធ
* ១១៖ អេលីត សុខហ៊ុច មកពីក្លិបនាយកដ្ឋានអង្គរក្ស
* ១២៖ ផល សោភ័ណ្ឌ មកពីក្លិបតាលីដំរីមានរិទ្ធ។

ជើងខ្លាំងគុនខ្មែរទាំងនេះសុទ្ធតែជាកីឡាករល្បីៗ ដែលមានបទពិសោទធន៍ប្រកួតច្រើនដង ដែលនឹងធ្វើឲ្យកម្មវិធី «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» កាន់តែទាក់ទាញ និងជក់ចិត្តជាខ្លាំង។

កីឡាករប្រដាល់ទាំង១២រូបនេះ នឹងត្រូវបែងចែកជា២ក្រុមផ្សេងគ្នា។ កីឡាករនីមួយៗ នឹងធ្វើដំណើរទៅខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីបន្តប្រកួតជម្រុះ និងសន្សំពិន្ទុឈានទៅដណ្តើមខ្សែក្រវាត់ក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» រៀបចំឡើងដោយស្ថានីយទូរទស្សន៍ថោន ក្រោមការឧបត្ថម្ភផ្តាច់មុខពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដើម្បីចូលរួមអភិរក្សក្បាច់គុនខ្មែរ ផ្តល់នូវផ្ទាំងទស្សនិយភាពជាការកម្សាន្តជូនដល់ពលរដ្ឋកម្ពុជា និងលើកទឹកចិត្តដល់កីឡាករដែលស្រលាញ់ និងខិតខំថែរក្សាសិល្បៈវប្បធម៌មួយនេះ៕