(បរទេស)៖ ស្ថាប័នឃ្លាំមើលការប្រកួតប្រជែងរបស់ប្រទេសអូស្ត្រាលី (ACCC) បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Meta Platforms ដែលជាមេធំរបស់ Facebook ដោយចោទប្រកាន់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សមួយនេះ បានបរាជ័យក្នុងការទប់ស្កាត់ «អ្នកបោកប្រាស់» នៅលើ Platform របស់ខ្លួន ក្នុងគោលដៅផ្សព្វផ្សាយពាណិជ្ជកម្មក្លែងក្លាយទាក់ទងនឹងបុគ្គលល្បីៗ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

ACCC បាននិយាយថា ការផ្សាយពាណិជ្ជកម្មដែលគាំទ្រការវិនិយោគលើរូបិយប័ណ្ណគ្រីបតូ ឬគម្រោងបង្កើតលុយ អាចបំភាន់អ្នកប្រើប្រាស់ Facebook ឱ្យជឿថាពួកគេត្រូវបានផ្សព្វផ្សាយពីសំណាក់អ្នកល្បីឈ្មោះរបស់ជនជាតិអូស្ត្រាលី។

លោក Rod Sims ប្រធាន ACCC បានឱ្យដឹងថា ការផ្សព្វផ្សាយពាណិជ្ជកម្មដែលជាការបន្លំភ្នែកនេះ ត្រូវបាន ក្រុមហ៊ុន Meta ឬ Facebook ដឹងយ៉ាងច្បាស់ ប៉ុន្តែមិនព្រមមានវិធានការទប់ស្កាត់ ហេតុនេះហើយទើបមាន ពាក្យ បណ្ដឹងនេះឡើង។

ពាក់ព័ន្ធនឹងការណីនេះ ក្រុមហ៊ុន Meta បានបញ្ជាក់ថា រាល់ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងឡាយណា ដែល ជាការបន្លំផ្នែក ឬធ្វើឱ្យអ្នកប្រើប្រាស់អស់លុយជាមួយនឹងការផ្សាយពាណិជ្ជកម្មនោះ គឺក្រុមហ៊ុននឹងធ្វើការទប់ស្កាត់ ខណៈដែលបច្ចុប្បន្ន Facebook បានប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួនក្នុងការ ស្វែងរក និងទប់ស្កាត់ករណីបែបនេះយ៉ាងជាច្រើនកន្លងមកហើយ៕