(ស៊ីដនី)៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលី លោក Graham Arnold ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ជាលើកទី២ ក្នុងរយៈពេលប៉ុន្មានខែនេះ, នេះបើតាមការឲ្យដឹងពីសមាគមបាល់ទាត់អូស្ត្រាលី នាថ្ងៃសុក្រនេះ មុនពេលការប្រកួតជម្រុះ World Cup ចំនួន២ប្រកួត នៅរយៈពេល២សប្តាហ៍ខាងមុខ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ។
បុរសវ័យ៥៨ឆ្នាំរូបនេះ បានលាប់វិជ្ជមានជំងឺកូវីដ១៩ បន្ទាប់ពីការធ្វើតេស្ត នាថ្ងៃព្រហស្បតិ៍ ស្របតាមពិធីសាររបស់ក្រុម មុនពេលដែលលោកគ្រោងទៅដល់ជំរុំអូស្រ្តាលី នៅទីក្រុង Sydney ហើយបច្ចុប្បន្ននេះ កំពុងធ្វើចត្តាឡីស័កនៅឯផ្ទះ។
កាលពីចុងខែមករា, លោក Arnold ត្រូវបានគេរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅក្នុងការឡើងទៅវគ្គប្រកួតជម្រុះ World Cup របស់អូស្ត្រាលី ប៉ះក្រុមវៀតណាម នាទីក្រុង Melbourne។ លោក Arnold អាចវិលត្រឡប់ទៅកាន់ជំរុំវិញ ទាន់ពេលវេលានៃការប្រកួត ដែលក្រុមរបស់លោក បានឈ្នះក្នុងលទ្ធផល៤-០។
"Arnold នឹងបន្តទំនាក់ទំនងទៅកាន់ក្រុមជម្រើសជាតិអូស្ត្រាលី និងបុគ្គលិក តាមប្រព័ន្ធឌីជីថល, ដូចដែលលោកបានធ្វើដោយជោគជ័យ កាលពីខែមករា នៅពេលដែលអូស្ត្រាលី បានប្រកួតជាមួយវៀតណាម", នេះបើតាមការឲ្យដឹងពីសមាគមបាល់ទាត់អូស្ត្រាលី។
អូស្ត្រាលី នឹងប្រកួតប៉ះជប៉ុន នៅទីក្រុង Sydney នាថ្ងៃពុធសប្តាហ៍ក្រោយ មុនពេលធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត នៅទីក្រុង Jeddah នាថ្ងៃទី២៩ ខែមីនាខាងមុខ ហើយចាំបាច់ត្រូវការឈ្នះទាំងពីរប្រកួត ដើម្បីធានាការឡើងដោយស្វ័យប្រវត្តិ ទៅកាន់ការប្រកួតផ្តាច់ព្រ័ត្រ World Cup ក្នុងឆ្នាំនេះ នៅប្រទេសកាតា។
ក្រុមរបស់លោក Arnold កំពុងឈរនៅលំដាប់ទី៣ ក្នុងពូល B, ៣ពិន្ទុពីក្រោយក្រុមចំណាត់ថ្នាក់ទី២ជប៉ុន ខណៈអារ៉ាប៊ីសាអូឌីត ឈរនៅកំពូលតារាង៕