(បរទេស)៖ ក្រុមហ៊ុន Samsung Electronics ត្រូវបានគេរាយការណ៍ថាបានឈ្នះការប្តឹងផ្តល់ប៉ាតង់នៅក្នុងការជំនុំជម្រះបណ្តឹងឧទ្ធរណ៍នៅក្នុងប្រទេសរុស្ស៊ី បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

ប្រភពដដែលពី Reuters បានបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង បានឈ្នះរឿងក្តីនៅថ្ងៃនោះ ដោយតុលាការរុស្ស៊ីបានលុបចោលសេចក្តីសម្រេច ដែលបានហាមឃាត់មិនឱ្យនាំចូល និងការដាក់លក់ស្មាតហ្វូនចំនួន ៦១ម៉ូដែលនៅក្នុងប្រទេសរុស្ស៊ី។

ខណៈដែលរបាយការណ៍ខាងលើបានបញ្ជាក់ថា ការសម្រេចចិត្តនេះមានន័យថា Samsung មិនត្រូវបានរឹតបន្តឹងលើការដាក់លក់របស់ខ្លួននៅក្រោមច្បាប់របស់រុស្ស៊ីនោះទេ។ ដោយឡែកបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនកូរ៉េខាងត្បូងដែលបានប្តឹងកាលពីឆ្នាំមុនដោយក្រុមហ៊ុន SQWIN SA ដែលមានមូលដ្ឋាននៅប្រទេសស្វីសបានអះអាងថា Samsung Pay បានរំលោភលើប៉ាតង់ប្រព័ន្ធទូទាត់អេឡិចត្រូនិករបស់ខ្លួនដែលបានចុះបញ្ជីនៅក្នុងប្រទេសរុស្ស៊ី

គួរជម្រាបដែរថា ជាមួយនឹងសេចក្តីសម្រេចនេះ ការលក់ស្មាតហ្វូន Samsung ចំនួន ៦១ ម៉ូដែលនៅក្នុងប្រទេសរុស្ស៊ីត្រូវបានហាមឃាត់នៅក្នុងខែតុលា ប៉ុន្តែ Samsung បានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចដំបូងនៅក្នុងខែវិច្ឆិកា៕