(លីវើភូល)៖ ខ្សែការពារក្លិប Liverpool កីឡាករ Trent Alexander-Arnold នឹងអវត្តមាន ២-៣សប្តាហ៍ពីការប្រកួត ដោយសារតែបញ្ហារបួសសរសៃពួរកែងជើង ដែលនឹងធ្វើឲ្យលោកអវត្តមានពីកាប្រកួតរបស់ក្រុមជម្រើសជាតិអង់គ្លេស ប៉ះក្រុមស្វីស និងកូតឌីវ័រក្នុងខែនេះដែរ។ នេះបើតាមការសម្តីអ្នកចាត់ការ Juergen Klopp ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។

Alexander-Arnold បានក្លាយជាកីឡាករសំខាន់មួយរូប សម្រាប់ក្លិបដែលលេងនៅលីគ Premier League ក្នុងរដូវកាលនេះ ជាមួយនឹងការស៊ុតបញ្ចូលទី ២គ្រាប់ និងជួយឲ្យរកគ្រាប់បាល់ ១៧គ្រាប់ពី៣៥ប្រកួត នៅក្នុងការប្រកួតទាំងអស់ ហើយលោក Klopp បានលើកឡើងថា កីឡាករជំនួសដ៏សំខាន់របស់លោក James Milner ក៏នៅមិនទាន់ជាសះស្បើយនៅឡើយដែរ។

លើកឡើងក្នុងសន្និសីទសារព័ត៌មានមួយមុនការប្រកួតវគ្គ ៨ក្រុមចុងក្រោយពាន FA Cup នាថ្ងៃអាទិត្យ ដែលត្រូវប៉ះក្រុម Nottingham Forest នោះលោក Klopp បានឲ្យដឹងដែរថា កីឡាករខ្សែប្រយុទ្ធ Mohamed Salah នៅតែមានអារម្មណ៍ថា មានការឈឺចាប់នៅប្រអប់ជើង ដែលលោកបានរងរបួស ក្នុងការប្រកួត Premier League ប៉ះក្រុម Brighton & Hove Albion ក្នុងខែនេះ៕