(មេនឆេស្ទើ)៖ កីឡាករចាំទី David de Gea របស់ក្លិបបិសាចក្រហម Manchester United គ្មានឈ្មោះលេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ សម្រាប់ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិក្នុងខែមីនានេះ ប៉ះនឹងក្រុមអាល់បានី និងអ៊ីស្លង់ ស្របពេលអ្នកចាំទីក្លិប Brentford គឺកីឡាករ David Raya បានទទួលការកោះហៅជាលើកដំបូងចូលលេងឲ្យជម្រើសជាតិ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។

De Gea បានចូលរួមប្រកួតចុងក្រោយឲ្យអេស្ប៉ាញកាលពីខែតុលា ឆ្នាំ២០២០ ប៉ុន្តែត្រូវបានដាក់រួមបញ្ចូលក្នុងក្រុមជម្រើសជាតិសម្រាប់ការប្រកួតជម្រុះ World Cup ប៉ះក្រុមក្រិក និងស៊ុយអែតកាលពីខែវិច្ឆិកា។

កីឡាករ Raya ដែលបានចាំទីមិនឲ្យមានគ្រាប់បាល់ចូលចំនួន ៥ប្រកួតក្នុងរដូវកាលនេះ បានខកខានការចូលរួមការប្រកួតយ៉ាងសំខាន់នៃយុទ្ធនាការនេះ ដោយសារតែរបួសជង្គង់ ប៉ុន្តែបានវិលត្រឡប់ចូលរួមលេងឲ្យក្លិប Brentford វិញកាលពីខែកុម្ភៈ។

អេស្ប៉ាញ ដែលបានឈ្នះពានរង្វាន់ World Cup កាលពីឆ្នាំ២០១០ នៅប្រទេសអាហ្វ្រិកខាងត្បូងនោះ បានបញ្ចប់ឈរនៅកំពូលតារាងក្នុងពូលរបស់ពួកគេ នៃការប្រកួតជម្រុះ ដោយមាន ១៩ពិន្ទុ នាំមុខក្រុមលំដាប់ទី២ ស៊ុយអែត ដោយកក់កៅអីរបស់ពួកគេសម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រ World Cup នៅកាតា។

អេស្ប៉ាញ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវអាល់ប៉ានីក្នុងការប្រកួតលក្ខណៈមិត្តភាពនៅថ្ងៃទី២៦ ខែមីនា និងក្រុមអ៊ីស្លង់ នៅថ្ងៃទី២៩ ខែដដែល៕