(ម៉ាឌ្រីដ)៖ គិតមកទល់ពេលនេះ មានកីឡាករពិភពលោក និងក្លិបអាជីពជាច្រើនបាននាំមុខឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សំលៀកបំពាក់ និងប្រាក់កាសជាដើមជួយដល់កុមារ និងជនភៀសខ្លួនអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបានបើកការឈ្លានប្រទេសនៅអឺរ៉ុបដូចគ្នាជិត ១ខែមកនេះ។

នៅយប់ថ្ងៃពុធម្សិលមិញនេះ កីឡាករវាយកូនបាល់ទោល Roger Federer បានសរសេរបង្ហោះនៅលើ Twitter របស់លោកពីការឧបត្ថម្ភ ៥០ម៉ឺនដុល្លារដល់កុមារអ៊ុយក្រែនដែលបានរងផលប៉ះពាល់ដោយសារសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនគិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មកនេះ។

គិតចាប់តាំងពីប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបញ្ជាកងទ័ពឲ្យចូលលុកលុយប្រទេសអ៊ុយក្រែននាចុងខែកុម្ភៈ មានប្រជាជនប្រមាណជាង ៣លាននាក់ហើយបានរត់ភៀសខ្លួនចេញពីអ៊ុយក្រែនទៅកាន់ប្រទេសក្បែរខាង នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ UN នៅពេលលុយរបស់តារាវាយកូនបាល់ខាងលើនេះ គឺត្រូវឧបត្ថម្ភតាមរយៈមូលនិធិរបស់លោកផ្ទាល់តែម្តង។

ដូចគ្នានោះដែរ ក្លិបបាល់ទាត់អាជីព Real Madrid របស់អេស្ប៉ាញ ក៏បានធ្វើការឧបត្ថម្ភ ១លានអឺរ៉ូដែរតាមរយៈកាកបាទក្រហមអន្តរជាតិ និងអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន រួមទាំងសម្ភារៈបរិក្ខាជាច្រើនទៀតផងដែរដល់ក្មេងៗក្នុងការជំនួយដល់ការសិក្សា និងលេងកីឡាដើម្បីសុខភាពជាច្រើនទៀត។

ចំណែកឯក្លិបអ៉ីតាលី Juventus វិញ ក៏បានបញ្ជូនយរថយន្តក្រុងខ្នាតធំទៅយកជនភៀសខ្លួននៅអ៊ុយក្រែនមកកាន់ទឹកដីហុងគ្រី ដែលសន្យាធានារ៉ាប់រងទាំងការស្នាក់នៅ និងហូបចុក រួមទាំងថ្នាំសង្កូវទៀតផង គ្រាដែលក្លិបបាល់ទាត់ Middlesbroug បានប្រកាសបរិច្ចាគលុយដែលបានពីការលក់សំបុត្រប្រកួតនៅ FA Cup ទាំងអស់ដល់ប្រទេសអ៊ុយក្រែនដែរ។

ចំណែកឯក្លិប Rangers របស់ស្កុតឡេនវិញ ក៏បានឧបត្ថម្ភប្រាក់បន្ថែម ១៥០០០ផោនជាលើកទី២ បន្ថែមលើទឹកប្រាក់ ៧២០០០ផោនដែលបានបរិចា្ចគកាលពីលើកទី១ នោះ នៅពេលក្រុមរួមលីគ Celtic ក៏បានឧបត្ថម្ភ ១ម៉ឺនផោនដល់ជនភៀសខ្លួនអ៊ុយក្រែនដែរ នៅពេលក្លិប Everton របស់អង់គ្លេសឧបត្ថម្ភ ២៥ម៉ឹនផោន។

លើសពីនេះទៀត ប្រទេសស្កុតឡេន និងប៉ូឡូញ នឹងរៀបចំប្រកួតមិត្តភាពអន្តរជាតិមួយ ដើម្បីប្រមូលថវិកាពីការលក់សំបុត្រជួយដល់អ៊ុយក្រែនទៀតដែរ៕