(អាមេរិក)៖ ក្នុងនាមជាមនុស្សមានឥទ្ធិលមួយរូប នៅលើវិស័យសិល្បៈ តារាចម្រៀងដ៏ល្បីរបស់អាមររិក Lady Gaga បានផ្ញើសារចូលរួម លើកទឹកចិត្តពលរដ្ឋអ៊ុយក្រែន និងអំពាវនាវដល់មនុស្សគ្រប់រូប ចាត់ទុកអ៊ុយក្រែនក្នុងបេះដូង ខណៈប្រទេសនេះនៅមិនទាន់រកពន្លឺ សន្តិភាពបាននៅឡើយ។ នេះបើតាមការបញ្ចេញមតិរបស់នាង ក្នុងវីដេអូមួយ ចេញផ្សាយដោយគេហទំព័រ The Sun Showbiz។

ថ្មីៗនេះ តាមរយៈការចូលរួមក្នុងកម្មវិធី ទទួលពានរង្វាន់ភាពយន្ត «New York Film Critics Circle Awards» ឆ្នាំ២០២២ តារាចម្រៀង Lady Gaga បានថ្លែងប្រាប់អ្នកកាសែតយ៉ាងដូច្នេះថា «ខ្ញុំគិតថាយើងទាំងអស់គ្នា គួរតែប្រាកដថា យើងបានទុកប្រទេសអ៊ុយក្រែន ក្នុងបេះដូងគ្រប់ពេលវេលា។ ខ្ញុំគិតថា អាចជួយដល់បញ្ហាដែលកើតមាននៅព្រំដែន ជារឿងសំខាន់មួយដែរ ក្នុងការជួយឲ្យពលរដ្ឋបានទៅកាន់ទីសុវត្ថិភាព»

គួរជម្រាបថា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាល្បីៗលំដាប់ពិភពលោកជាច្រើន ដូចជា Lady Gaga, តួអង្គ Doctor Strange ជាដើមនោះ តាមរយៈការចូលរួមក្នុងកម្មវិធីល្បីៗ ពួកគេភាគច្រើនបានប្រើប្រាស់កន្លាស់ ក៏ដូចជាបូតំណាងឲ្យទង់ជាតិ ប្រទេសអ៊ុយក្រែន ដើម្បីបង្ហាញពីការលើកទឹកចិត្តដល់ប្រទេសអ៊ុយក្រែន ដែលកំពុងប្រយុទ្ធតទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ ក្រៅពីនេះ ក៏បានថ្លែងសារសំខាន់ៗមួយចំនួន ពាក់ព័ន្ធបញ្ហារុស្ស៉ី-អ៊ុយក្រែនតែម្តង ដូចការលើកឡើងរបស់ Lady Gaga ខាងលើជាដើម។

ទន្ទឹមនឹងគ្នានេះ ក្នុងកម្មវិធីពានរង្វាន់ភាពយន្តទីក្រុងញូវយ៉កខាងលើនេះដែរ Lady Gaga បានឈ្នះពានរង្វាន់ជាតារាសម្ដែងស្រីឆ្នើម សម្រាប់ទេពកោសល្យ នៃការសម្ដែង ដែលបានបង្ហាញចេញតាមរយៈភាពយន្ត «House of Gucci»