(ប៊ែលហ្គ្រេដ)៖ កីឡាការិនី Yaroslava Mahuchikh ដែលត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះរបស់នាង នៅទីក្រុង Dnipro បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែននោះបានលើកឡើងថា នាងនឹងខិតខំប្រឹងប្រែងដើម្បីប្រទេសរបស់នាង នៅក្នុងពហុកីឡដ្ឋាន បន្ទាប់ពីដណ្តើមបានមេដាយមាស ក្នុងវិញ្ញាសាលោតកម្ពស់ នៅឯព្រឹត្តិការណ៍កីឡា World Indoor Championships ដែលរៀបចំឡើងនៅទីក្រុង Belgrade ប្រទេសស៊ែប៊ី។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។

កីឡាការិនីវ័យ ២០ឆ្នាំ ដែលបាននឹងកំពុងជាម្ចាស់ពានរង្វាន់ជើងឯកវិញ្ញាសាលោតកម្ពស់នៃព្រឹត្តិការណ៍ European Indoor និងបានឈ្នះមេដាយសំរិទ្ធ នៅឯព្រឹត្តិការណ៍ Tokyo Olympics រូបនេះ បានចំណាយពេលជាច្រើនថ្ងៃស្នាក់នៅក្នុងបន្ទប់ក្រោមដី មុនពេលធ្វើដំណើររយៈពេល ៣ថ្ងៃ តាមរថយន្តដើម្បីទៅដល់ស៊ែប៊ី ជាការធ្វើដំណើរដែលមានចម្ងាយផ្លូវជិត២,០០០គីឡូម៉ែត្រ។

កីឡាការិនី Mariya Lasitskene ដែលបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ Olympics តំណាងឲ្យក្រុមគណៈកម្មាធិការអូឡាំពិករុស្ស៊ីនោះ ត្រូវបានគេលុបឈ្មោះចេញពីការប្រកួត បន្ទាប់ពីស្ថាប័ន World Athletics បានហាមឃាត់អត្តពលិក និងមន្ត្រីមកពីរុស្ស៊ី និងប៊ែលឡារុស៕