(ភ្នំពេញ)៖ តារាចម្រៀងអាយ៉ៃជើងចាស់លោក ព្រហ្ម ម៉ាញ បានដួលសន្លប់ស្ដូកស្ដឹង ដោយសារជំងឺលើសឈាមធ្ងន់ធ្ងរ បន្ទាប់ពីលោកបានទៅចូលរួម ក្នុងកម្មវិធី Pleng Music Awards 2022 នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ ហើយត្រូវបានខកខានវិញ និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេពេទ្យភ្លាមៗផងដែរ។

បើតាមតារាកំប្លែងអ្នកនាង កាឆយ ដែលបាននៅកៀកនឹងតារាចម្រៀងអាយ៉ៃលោក ព្រហ្ម ម៉ាញ បានឲ្យដឹង ថា កាលពីយប់មិញនេះ លោក ព្រហ្ម ម៉ាញ មានអាការៈឈឺក្បាលរវើរវាយ និងអស់កម្លាំងខ្លាំងរហូតដល់ថ្នាក់សន្លប់ស្ដូកស្ដឹង នឹងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ការសន្លប់ស្ដូកស្ដឹងបែបនេះ គឺដោយសារតែលោក ព្រហ្ម ម៉ាញ ត្រូវបានជំងឺលើសឈាមធ្វើទុក្ខខ្លាំង ដែលលោកបានឈឺប្រចាំកាយយូរមកហើយ។

គិតរហូតមកដល់ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នេះ តារាចម្រៀងអាយ៉ៃលោក ព្រហ្ម ម៉ាញ ត្រូវបានគេដឹងថា មិនទាន់បានធូរស្រាលនៅឡើយ ដោយក្រុមគ្រូពេទ្យ កំពុងតែតាមដានអាការៈជំងឺរបស់លោកជាប្រចាំ ខណៈអ្នកមើលថែនៅក្នុងមន្ទីរពេទ្យ គឺមានតែប្រពន្ធលោក ព្រហ្ម ម៉ាញ ម្នាក់គត់។

សូមបញ្ជាក់ថា លោក ព្រហ្ម ម៉ាញ គឺជាសិល្បករអាយ៉ៃដ៏ឆ្នើមមួយរូប ដែលបានបូជាស្ទើរពាក់កណ្ដាលជីវិតក្នុងទម្រង់សិល្បៈដ៏កម្រមួយនេះ។ រហូតមកដល់ពេលនេះ នៅមិនទាន់មានសិល្បករផ្នែកអាយ៉ៃរូបណា អាចមានសមត្ថភាពដូចលោកគ្រូ ព្រហ្ម ម៉ាញ ឡើយ។ ដោយសារតែទឹកចិត្តស្រឡាញ់ ទម្រង់សិល្បៈកេរ្តិ៍ដំណែលដូនតាមួយនេះ លោកក៏បានបើកថ្នាក់បង្រៀនអាយ៉ៃដោយមិនយកប្រាក់ ដល់អ្នកជំនាន់ក្រោយទៀតផង៕