(ភ្នំពេញ)៖ ជាគោលការណ៍ ឪពុកម្ដាយ ត្រូវមានកាតព្វកិច្ចចិញ្ចឹមថែរក្សា និងអប់រំកូនៗឱ្យក្លាយជាពលរដ្ឋល្អ ចំណែកឯកូនមានករណីកិច្ច ចិញ្ចឹមបីបាច់ថែរក្សាឪពុកម្តាយដែលចាស់ជរាតាមទំនៀមទម្លាប់ខ្មែរ ។ ដោយឡែក ប្តីប្រពន្ធត្រូវរួមរស់ជីវភាពជាមួយគ្នា ហើយត្រូវសហការសង្គ្រោះគ្នាទៅវិញទៅមក ។

ដូចនេះ ប្រសិនបើតុលាការបានចេញសេចក្ដីសម្រេច ដោយបង្គាប់ឱ្យបុគ្គលណាម្នាក់បង់នូវអាហារកាតព្វកិច្ចដល់សហព័ទ្ធ ឬអតីតសហព័ទ្ធរបស់ខ្លួន ដល់កូនជាអនីតិជន ដល់បច្ឆាញាតិ ឬបុព្វញាតិ ឬដល់ញាតិផ្សេងទៀតរបស់ខ្លួននោះ ប៉ុន្ដែភាគីនោះនៅតែមិនព្រមបង់អាហារកាតព្វកិច្ចនោះទៅឱ្យភាគីម្ខាងទៀត តើភាគីម្ខាងដែលមិនគោរពតាមសេចក្តីសម្រេចស្ថាពររបស់តុលាការ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់យ៉ាងដូចម្តេច?

ដើម្បីយល់កាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការបោះបង់គ្រួសារ» មកធ្វើការបកស្រាយជូនសិស្ស និស្សិត និងបងប្អូនទាំងអស់គ្នា ដូចខាងក្រោម។

ការបោះបង់គ្រួសារ ក្នុងន័យនេះ គឺសំដៅលើបុគ្គលទាំងឡាយណាមិនគោរពតាមសេចក្ដីសម្រេច (សាលក្រម ឬសាលដីកា) ស្ថាពររបស់តុលាការ ដែលបង្គាប់ឱ្យបុគ្គលនោះបង់អាហារកាតព្វកិច្ចដល់៖ (១) សហព័ទ្ធ ឬអតីតសហព័ទ្ធរបស់ខ្លួន, (២) កូនជាអនីតិជន, (៣) បច្ឆាញាតិ ឬបុព្វញាតិ ឬដល់ញាតិផ្សេងទៀត ។
ជាក់ស្ដែង យើងអាចជួបករណីបែបនេះដូចជា៖

១៖ ក្នុងករណីប្តីប្រពន្ធបានរៀបអាពាហ៍ពិពាហ៍ (ចុះសំបុត្រអាពាហ៍ពិពាហ៍) ស្របតាមច្បាប់ ប៉ុន្តែក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ឬក្រោយពេលលែងលះ បែរជាសហព័ទ្ធម្ខាង (ប្តី ឬប្រពន្ធ) មិនបានទំនុកបម្រុង និងចិញ្ចឹមបីបាច់ថែរក្សាដល់សហព័ទ្ធម្ខាងទៀត (ប្តី ឬប្រពន្ធ) ឬមិនបានផ្តល់អាហារកាតព្វកិច្ចដល់អតីតសហព័ទ្ធម្ខាងទៀត (អតីតប្តី ឬប្រពន្ធ) ទេ ។ ឬ

២៖ ក្នុងករណីឪពុកម្តាយមិនជួយទំនុកបម្រុង និងចិញ្ចឹមបីបាច់ថែរក្សាដល់កូនៗដែលជាអនីតិជន ។ ឬ

៣៖ ក្នុងករណីកូនចៅមិនជួយទំនុកបម្រុងដល់ឪពុកម្ដាយ ឬជីដូនជីតាចាស់ជរា ឬសាច់ញាតិណាមួយ ដែលអសមត្ថភាពក្នុងការទ្រទ្រង់ជីវភាព ហើយចាំបាច់ត្រូវការមើលថែ និងការផ្គត់ផ្គង់ពីកូនចៅ ។

ចំពោះករណីខាងលើ ភាគីដែលមានប្រយោជន៍អាចដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីស្នើសុំឱ្យតុលាការបង្គាប់ឱ្យភាគីម្ខាងទៀតបង់អាហារកាតព្វកិច្ចដល់ខ្លួន ។
ក្រោយពីបានទទួលពាក្យបណ្ដឹងរួចរាល់ តុលាការបានចេញសេចក្តីសម្រេចបង្គាប់ឱ្យភាគីម្ខាងទៀតនោះ បង់អាហារកាតព្វកិច្ចដល់ភាគីដែលមានប្រយោជន៍ បន្ទាប់មកសេចក្តីសម្រេចរបស់តុលាការក៏បានចូលជាស្ថាពរ ។ ប៉ុន្តែទោះបីជាមានសេចក្តីសម្រេចសា្ថពររបស់តុលាការយ៉ាងនេះក្តី ក៏ភាគីម្ខាងទៀតមិនព្រមបង់អាហារកាតព្វកិច្ចដែរ ។

ដូចនេះប្រសិនបើភាគីម្ខាងទៀត ដែលមិនគោរពតាមសេចក្តីសម្រេចស្ថាពររបស់តុលាការ ដោយមិនព្រមបង់ក្នុងរយៈពេល ២ (ពីរ) ខែ យ៉ាងតិច នូវអាហារកាតព្វកិច្ចដល់សហព័ទ្ធ ឬអតីតសហព័ទ្ធរបស់ខ្លួន ដល់កូនជាអនីតិជន ដល់បច្ឆាញាតិ ឬបុព្វញាតិ ឬដល់ញាតិផ្សេងទៀតរបស់ខ្លួននោះ នឹងត្រូវបានចោទប្រកាន់ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣២៤ «បទបោះបង់គ្រួសារ» នៃក្រមព្រហ្មទណ្ឌ ដែលបានចែងថា «ការមិនគោរពតាមសេចក្ដីសម្រេចស្ថាពររបស់តុលាការ ដោយមិនព្រមបង់ក្នុងរយៈពេល ២ (ពីរ) ខែ យ៉ាងតិច នូវអាហារកាតព្វកិច្ចដល់សហព័ទ្ធ ឬអតីតសហព័ទ្ធរបស់ខ្លួន ដល់កូនជាអនីតិជន ដល់បច្ឆាញាតិ ឬបុព្វញាតិ ឬដល់ញាតិផ្សេងទៀតរបស់ខ្លួននោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ (មួយ) ខែ ទៅ ០១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល»

ក្រៅពីទោសទណ្ឌខាងលើ ចំពោះបទល្មើសនេះក៏មានទោសបន្ថែម (មាត្រា៣២៥ នៃក្រមព្រហ្មទណ្ឌ) ដូចជា៖

១៖ ការដកសិទ្ធិខ្លះជាពលរដ្ឋ សម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន ។
២៖ ការបិទផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស សម្រាប់រយៈពេល ២ (ពីរ) ខែ យ៉ាងច្រើន ។
៣៖ ការផ្សាយសេចក្ដីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន ។
៤៖ ការផ្សាយសេចក្ដីសម្រេចផ្តន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ សម្រាប់រយៈពេល ៨ (ប្រាំបី) ថ្ងៃ យ៉ាងច្រើន ។

សរុបរួមមក ការមិនគោរពតាមសេចក្ដីសម្រេចស្ថាពររបស់តុលាការ ដោយមិនព្រមបង់ក្នុងរយៈពេល ២ (ពីរ) ខែ យ៉ាងតិច នូវអាហារកាតព្វកិច្ចដល់សហព័ទ្ធ ឬអតីតសហព័ទ្ធរបស់ខ្លួន ដល់កូនជាអនីតិជន ដល់បច្ឆាញាតិ ឬបុព្វញាតិ ឬដល់ញាតិផ្សេងទៀតរបស់ខ្លួននោះ គឺជាបទល្មើស (បទបោះបង់គ្រួសារ) និងទទួលរងការផ្តន្ទាទោសតាមច្បាប់ជាធរមាន ។

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងកញ្ញា ថន រ៉ាវ៉ាឌី ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ១០០៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com , ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕