(ម៉ាឌ្រីដ)៖ នៅទីបំផុត FC Barcelona បានសងសឹកក្រុមអធិរាជស Real Madrid បានវិញហើយ តាមរយៈយកឈ្នះ ៤-០ នៃជំនួបខ្លាំងប៉ះខ្លាំងប្រចាំលីគអេស្ប៉ាញ La Liga ដែលត្រូវបានគេឲ្យឈ្មោះថា «El Clasico» នោះនៅរាត្រីថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២។

នេះជាការសងសឹកបានសម្រេចវិញរបស់ពួកគេផងដែរ ដ្បិតកាលជើងទី១ នៅកីឡដ្ឋាន Camp Nou បានចាញ់ក្នុងលទ្ធផល ២-១។

នេះក៏ជាកំណត់ត្រាដឹកនាំលេង ១២ប្រកួតគ្រប់កម្មវិធីប្រកួតរបស់លោក Xavi Hernandez មិនទាន់ចាញ់អស់ណាស់ត្រឹមស្មើប៉ុណ្ណោះ និងជួយ FC Barcelona បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Europa League ទៀត គិតចាប់តាំងចូលកាន់តំណែងជាអ្នកចាត់ការទូទៅនាចុងខែមករា ឆ្នាំ២០២២ មក ជំនួសកៅអីលោក Ronald Koeman ដែលត្រូវបញ្ចប់តំណែង។

ក្នុងប្រកួតនោះដែរ ម៉ាស៊ីនរកគ្រាប់បាល់ Pierre-Emerick Aubameyang ក៏បាន ២គ្រាប់ផងដែរ ដែលគម្រប់រកបាន ១១គ្រាប់ហើយឲ្យក្រុមអ្នកមានបុណ្យ នៅពេលមិត្តរួមក្រុម Araujo និង Ferran Torres សុទ្ធតែចូលរួមរកបានម្នាក់ ១គ្រាប់ដូចៗគ្នានៅទឹកដី Santiago Bernabeu។

តែយ៉ាងណាសម្រាប់ Real Madrid ដែលបានលេងឈ្នះ ៥ប្រកួតក្នុងជំនួប El Clasico ចុងក្រោយនេះ នៅតែបន្តនាំមុខកំពូលតារាង La Liga ដាច់ ៩ពិន្ទុពីក្រុមលេខ២ Sevilla ដដែលគិតត្រឹមសប្តាហ៍ទី២៩ ជើងទី២ ជាមួយនឹង ៦៦ពិន្ទុ គ្រាដែល FC Barcelona ឈរនៅលេខ៣ ជាមួយនឹង ៥៤ពិន្ទុដោយនៅសល់ ១ប្រកួតក្នុងដៃទៀតផង៕