(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទះ ៤នាក់ ទល់ ៤នាក់ ដណ្ដើមពានរង្វាន់ Special Volleyball League 2022 បានរៀបចំពិធីចាប់ឆ្នោតប្រកួតរួចហើយ ដោយមានបេក្ខភាព ១៣ក្រុមចូលរួម គ្រាដែលការប្រកួតនឹងចាប់ផ្ដើមនាថ្ងៃទី២៥ ខែមីនាចុងសប្ដាហ៍នេះនៅកីឡដ្ឋានព្រីនស៍។

បេក្ខភាពទាំង ១៣ក្រុម ដែលត្រៀមប្រជែងពានរង្វាន់ខាងលើ រួមមានក្រុមកងពលតូចអន្តរាគមន៍លេខ៩, Vong Plus, យុវជនស្រុកល្វាឯម, វិសាខា, ខេត្តកំពង់ស្ពឺ, Sport KPC, ស្នងការនគរបាលខេត្តព្រៃវែង, កងពលធំអន្តរាគមន៍លេខ៣, ស្នងការដ្ឋាននគរបាលខេត្តតាកែវ, នាយកដ្ឋានលិខិតឆ្លងដែន, ក្រសួងមហាផ្ទៃ, រដ្ឋបាលរាជធានីភ្នំពេញ និងក្រុម P.S Concrete។

លោក ទែន ឡន ប្រធានផែនអនុគណៈកម្មការបច្ចេកទេសការប្រកួត បានបញ្ជាក់ក្នុងពិធីចាប់ឆ្នោតកាលពីចុងសប្ដាហ៍កន្លងទៅថា ព្រឹត្តិការណ៍នេះ នឹងធ្វើការប្រកួតរៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ចាប់ពីថ្ងៃទី២៥ ខែមីនា រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ ចំពោះការប្រកួត គឺប្រើរូបមន្ដប្រកួតវិលជុំ ខណៈក្រុមមានពិន្ទុខ្ពស់ជាងគេ ៤ក្រុម នឹងឡើងវគ្គខ្វែង ដើម្បីបន្ដប្រកួតរកបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ និងក្រុមជើងឯក។

ទន្ទឹមជាមួយគ្នា លោក ប៉េង សុវណ្ណណូ ប្រធានប្រតិបត្តិនៃព្រឹត្តិការណ៍ខាងលើ បានថ្លែងអំណរគុណដល់ក្រុមទាំង១៣ ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែង ដើម្បីទទួលបានបទពិសោធន៍ និងបច្ចេកទេសថ្មីៗសម្រាប់ក្រុមរៀងៗខ្លួន។ លោកបានវាយតម្លៃខ្ពស់ ចំពោះក្រុមនីមួយៗ ដែលសុទ្ធតែក្រុមមានសមត្ថភាព និងឆន្ទៈខ្ពស់ ដើម្បីចូលរួម។ តាមរយៈនេះ លោករំពឹងថា នឹងជំរុញឲ្យការប្រកួតប្រជែងកាន់តែជក់ចិត្តខ្លាំង។

សម្រាប់ប្រាក់រង្វាន់លើកទឹកចិត្តក្រុមជយលាភី នៃព្រឹត្តិការណ៍បាល់ទះ ៤ស្មើនេះ សម្រាប់ក្រុមជើងឯក នឹងទទួលបានថវិកា ២០លានរៀល ខណៈក្រុមជើងឯករង ទទួលបាន ៨លានរៀល និងក្រុមលេខ៣ ទទួលបាន ៤លានរៀល។ ចំពោះពានឯកត្ដជន ក៏នឹងទទួលបានថវិកាលើកទឹកចិត្តក្នុងម្នាក់ ៨សែនរៀលផងដែរ។

ចំពោះកម្មវិធីប្រកួតបើករដូវកាលថ្មីនេះ រួមមានថ្ងៃទី២៥ ខែមីនាចុងសប្ដាហ៍នេះ មាន ២គូ គឺក្រុមរដ្ឋបាលរាជធានីភ្នំពេញ ត្រូវជួបក្រុមកងពលធំអន្តរាគមន៍លេខ៣ និងក្រុមបាល់ទះវិសាខា ត្រូវជួបក្រុមក្រសួងមហាផ្ទៃ។ រីឯនៅថ្ងៃទី២៦ ខែមីនា មាន ២គូដូចគ្នា រួមមានក្រុមបាល់ទះ P.S Concrete ជួបក្រុមស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងក្រុមកងពលតូចអន្តរាគមន៍លេខ៩ ជួបក្រុមកីឡាបាល់ទះ Sport KPC៕